ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយធ្វើការច្រានចោលនូវខ្លឹមសារទាំងស្រុង ចំពោះការចុះផ្សាយរបស់លោក ផែង វណ្ណៈ ពាក់ព័ន្ធនឹងសិទ្ធិអំណាចចាត់ចែងមុខរបរជំនួញជ្រូក មាន់ ទា គោ ក្របី នៅក្រសួងកសិកម្ម ។
ដោយខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម បានឱ្យដឹងយ៉ាងដូច្នេះថា ទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មាននេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសូមជម្រាបជូនសាធារណជនបានជ្រាបដូចខាងក្រោម៖
១៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមច្រានចោលនូវខ្លឹមសារទាំងស្រុង ដែលបានចុះផ្សាយដោយបណ្ដាញសង្គម «Pheng Vannak News» កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ដោយហេតុថាការផ្សព្វផ្សាយព័ត៌មាននេះ មិនត្រឹមត្រូវទៅតាមសភាពការណ៍ពិតជាក់ស្តែងនោះឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
២៖ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសូមធ្វើការពន្យល់ដល់សាធារណជនបានជ្រាបថា ការធ្វើអាជីវកម្មនាំចេញ នាំចូល និងនាំឆ្លងកាត់សត្វ និងផលិតផលសត្វ ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមលក្ខខណ្ឌ នីតិវិធី និងបទដ្ឋានបច្ចេកទេសបសុព្យាបាល ដូចមានចែងក្នុងច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ។ រាល់ការ ស្នើសុំនាំចេញ នាំចូល និងនាំឆ្លងកាត់សត្វ និងផលិតផលសត្វ គឺចាំបាច់ត្រូវឆ្លងកាត់ការពិនិត្យ និងផ្តល់យោបល់ពី អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលជាសេនាធិការជំនាញបច្ចេកទេសរបស់ក្រសួង មុននឹងក្រសួង ចេញលិខិតអនុញ្ញាតពោលគឺមិនមានអ្នកណាម្នាក់ចាត់ចែងការងារនេះ ជំនួសមុខឱ្យអង្គភាពជំនាញបានឡើយ ។
៣៖ ក្នុងគោលដៅពង្រឹងការងារគ្រប់គ្រងផ្នែកសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នឹងបន្តការរឹតបន្ដឹងវិធានការបច្ចេកទេស សំដៅការពារសុខភាពសាធារណៈ បង្ការ ទប់ស្កាត់ និងលុបបំបាត់ការ ឆ្លងរាលដាលជំងឺសត្វ ព្រមទាំងធានានិរន្តរភាពនៃការផ្គត់ផ្គង់ផលិតផលសត្វ ប្រកបដោយគុណភាព និងសុវត្ថិភាព ។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ទំព័រហ្វេសប៊ុកឈ្មោះ Pheng Vannak News បានធ្វើការចែករំលែកក្នុងសំណេរយ៉ាងដច្នេះថា «បងប្អូនអាជីវករចង់រកស៉ីនាំជ្រូកចូល ឬ នាំជ្រូកទៅវៀតណាម បានជោគជ័យ ត្រូវសុំការអនុញ្ញាតពី លោក សៀក ឡេង កូនប្រសារថ្នាក់ដឹកនាំក្រសួងកសិកម្ម ។ គាត់មានសិទ្ធិអំណាចចាត់ចែងមុខរបរជំនួញជ្រូក មាន់ ទា គោ ក្របី គ្រប់បែបយ៉ាង ។ បើគាត់មិនឯកភាពហើយ អ្នកណាក៏មិនអាចរកស៉ីបានដែរ ។ ជាពិសេស ច្បាប់នាំជ្រូកឆ្លងកាត់ទៅវៀតណាម មានតែគាត់ទេដែលមានអំណាចចាត់ចែងបាន ។ អ្នករកស៉ីត្រឹមត្រូវវេទនាណាស់ ព្រោះចំណាយលុយក្រោមតុ ប្រចាំខែ ជូនអស់លោកពាក់ព័ន្ធខ្លាំងពេក ។ ក្រុមហ៊ុនខ្លះរកស៊ីស្របច្បាប់សោះតែត្រូវចំណាយយ៉ាងហោចណាស់ជាង ១០ ម៉ឺនដុល្លារ ក្នុង ១ខែ» ៕