(កណ្ដាល)៖ ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា វិស័យសារព័ត៌មាន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ តាមរយៈការផ្សព្វផ្សាយ ជូនសាធារណៈជនបានជ្រាប និងយល់ដឹងច្បាស់ពីវិធានការណ៍ប្រឆាំងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្ត្រី បានលើកឡើងបែបនេះ នៅក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នូវស្ទីដយ៉ូ, ការិយាល័យ Akp និងសាលប្រជុំនៃមន្ទីរព័ត៌មាន ខេត្តកណ្ដាល នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ដោយមានការអញ្ជើញចូលរួមពីលោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការ ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជាច្រើននាក់ផ្សេងទៀត។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ខៀវ កញ្ញារីទ្ធ បានកោតសរសើរបណ្ដាញព័ត៌មានខេត្តកណ្ដាល ដែលសម្រេចស្នាដៃបានយ៉ាងច្រើន ហើយពិសេសបានចូលរួមផ្សព្វផ្សាយពីវិធានការកូវីដ-១៩ ដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នបានល្អ និងបានផ្ដល់អនុសាសន៍ ដល់មន្ទីរបន្តខិតខំធ្វើការលើវិស័យនេះ ឱ្យបានកាន់តែល្អឡើងៗ ដើម្បីលើកកម្ពស់វិស័យសារព័ត៌មាន និងជួយសង្គមជាតិផងដែរ។
លោករដ្ឋមន្ត្រីក៏បានជំរុញមន្ត្រីទាំងអស់ នៃមន្ទីរព័ត៌មាន ខិតខំធ្វើការងារឱ្យបានល្អ សាមគ្គីផ្ទៃក្នុងជួយយកអសារគ្នា និងរួបរួមធ្វើការដើម្បីឆ្ពោះទៅរកភាពជោគជ័យជាបន្តបន្ទាប់ទៀត។
ទន្ទឹមនឹងសារនេះផងដែរ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល ក៏បានលើកឡើងពីសមិទ្ធផលនានាជាច្រើនដែលមន្ទីរសម្រេចបាន និងឈានទៅដល់ការបន្តធ្វើការងារនេះ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ។ ពិសេសមន្ទីរបានធ្វើការងារក្នុងការចុះជួយផ្សព្វផ្សាយតាមមូលដ្ឋានលើកបដាផ្សព្វផ្សាយពីការប្រឆាំងជំងឺកូវីដ-១៩ ព្រមទាំងសកម្មភាពល្អៗជាច្រើនផ្សេងទៀតផងដែរ៕