(ភ្នំពេញ)៖ នៅសល់រយៈពេល ២៣ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតជម្រើសជើងឯកលីគទី២ ឆ្នាំ២០២០ នឹងចាប់ផ្ដើមការប្រកួតផ្លូវការហើយ ពោលគឺនៅថ្ងៃទី០៣ ខែតុលាខាងមុខ។ ប៉ុន្ដែមកទល់ពេលនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC នៅមិនទាន់ប្រកាសអំពីបេក្ខភាពត្រូវចូលរួមប្រកួតនោះទេ។
ជុំវិញបេក្ខភាពចូលរួមប្រកួតលីគទី២ នេះដែរ លោក រុន វិទូ អ្នកគ្រប់គ្រងការប្រកួតបានឲ្យដឹងថា សហព័ន្ធបានទទួលឈ្មោះក្លិប ដែលចុះឈ្មោះរួចរាល់ហើយ នៅឡើយតែការពិនិត្យលក្ខខណ្ឌចុងក្រោយ ដើម្បីសម្រេចផ្លូវការ ថាតើក្លិបណាខ្លះនឹងទទួលបានសិទ្ធិចូលរួមប្រកួតជម្រើសជើងឯកលីគទី២ ឆ្នាំ២០២០ នេះ។
មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដដែលបន្ដថា លក្ខខណ្ឌចុងក្រោយ ដែលសហព័ន្ធកំពុងធ្វើការត្រួតពិនិត្យ ទី១-ផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធ និងទី២-ផ្ដោតលើធនធានកីឡាករ តើបានបំពេញគ្រប់លក្ខខណ្ឌហើយឬនៅ? ដូច្នេះសហព័ន្ធនឹងចុះទៅពិនិត្យផ្ទាល់ ព្រមទាំងផ្ដល់មតិយោបល់ ដើម្បីជំរុញឲ្យក្លិបនីមួយៗទទួលបានឱកាសចូលរួមប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមជាមួយគ្នាលោកក៏បានបង្ហើបដែរថា ចំពោះក្លិបដែលបានចុះឈ្មោះរួច មានក្លិបនៅភ្នំពេញចន្លោះ ២ ទៅ ៣ក្លិប និងក្លិបនៅតាមខេត្តចន្លោះ ៧ ទៅ ៨ក្លិប។ ចំពោះការប្រកួតគ្រោងចាប់ផ្ដើមពីថ្ងៃទី០៣ ខែតុលា ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ខាងមុខ។ សម្រាប់ក្រុមគ្រងជើងឯកលីគទី២ នឹងទទួលបានសិទ្ធិចូលរួមប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២១ ជំនួសក្រុមឈរបាតតារាង នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០ នេះ។
សូមបញ្ជាក់ថា លីគទី២ កម្ពុជា បានបង្កើតដំបូងនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ ក្នុងគោលបំណងរកក្រុមជើងឯក និងក្រុមជើងឯករងឡើងទៅបង្គ្រប់កៅអីលីគកំពូលកម្ពុជា ជំនួសក្រុមដែលឈរបាតតារាង។ ប៉ុន្ដែដំណើរការបាន ២រដូវកាល ព្រឹត្តិការណ៍នេះក៏ស្ងាត់ទៅវិញ ពោលគឺនៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដោយគ្មានការបញ្ជាក់ពីមូលហេតុអ្វីឡើយ រហូតដល់ឆ្នាំ២០២០ ទើបសហព័ន្ធប្រកាសរៀបចំឡើងវិញ៕