(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសថា សហរដ្ឋអាមេរិកបានដកហូត ទិដ្ឋាការជនជាតិចិនជាង ១,០០០នាក់ស្របតាមសេចក្តីប្រកាសរបស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៩ ខែឧសភាកន្លងទៅនេះ ដើម្បីបញ្ឈប់និស្សិត និងក្រុមអ្នកស្រាវជ្រាវចិន មិនឲ្យចូលមកក្នុងទឹកដីមហាអំណាចមួយនេះ ដោយលោក ត្រាំ យល់ថាអាចនឹងបង្កហានិភ័យដល់សន្តិសុខជាតិ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០។
រដ្ឋមន្រ្តីស្តីទីនៃក្រសួងសន្តិសុខមាតុភូមិអាមេរិក លោក ឆាដ វូហ្វ (Chad Wolf) បាននិយាយនៅមុននេះថា «ទីក្រុងវ៉ាស៊ីនតោនកំពុងរារាំងទិដ្ឋាការ សម្រាប់និស្សិតដែលត្រូវបញ្ចប់ការសិក្សា និងអ្នកស្រាវជ្រាវចិនដែលមានទំនាក់ទំនង ជាមួយយុទ្ធសាស្ត្រលាយឡំរបស់យោធាចិន»។ លោក Wolf ក៏បានចោទប្រកាន់ម្តងទៀត ចំពោះការអនុវត្តអាជីវកម្មដោយអយុត្តិធម៌ និងការធ្វើចារកម្មឧស្សាហកម្មដោយប្រទេសចិន រួមទាំងការប៉ុនប៉ងលួចស្រាវជ្រាវពីវីរុសកូរ៉ូណា (COVID-19) និងការរំលោភបំពានទិដ្ឋាការនិស្សិត ដើម្បីកេងចំណេញការសិក្សានៅអាមេរិកទៀតផង។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការបរទេស ក៏បានគូសបញ្ជាក់យ៉ាងដូចច្នេះថា សកម្មភាពដកហូតទិដ្ឋាការនេះត្រូវបានធ្វើឡើង ក្រោមការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានប្រកាសចេញកាលពីថ្ងៃទី២៩ ខែឧសភាមកម្លេះ។ អ្នកនាំពាក្យបានបន្ថែមថា «គិតត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ ក្រសួងបានដកហូតទិដ្ឋការសម្រាប់ជនជាតិចិន (PRC) ជាង ១,០០០នាក់ ដែលត្រូវបានគេរកឃើញថា ជាកម្មវត្ថុនៅក្នុងសេចក្តីប្រកាសរបស់ប្រធានាធិបតី លេខ ១០០៤៣ ដូច្នេះហើយពួកគេមិនមានសិទ្ធិ ក្នុងការទទួលបានទិដ្ឋការទៀតឡើយ»។
គួរបញ្ជាក់ សហរដ្ឋអាមេរិកបានលុបចោលទិដ្ឋាការ សម្រាប់និសិត្សចិនរាប់ពាន់នាក់ ដែលកំពុងសិក្សាមុខជំនាញដូចជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និងមួយចំនួនទៀតត្រូវបានគេជឿថា ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសកលវិទ្យាល័យចិន ដែលមានទំនាក់ទំនងជាមួយយោធា។ ជុំវិញចំណាត់ការដ៏ក្តៅគគុក និងការចោទប្រកាន់ពីសំណាក់អាមេរិកខាងលើនេះ គេនៅមិនទាន់ឃើញមានប្រតិកម្មតបវិញ ពីសំណាក់រដ្ឋាភិបាលចិននៅឡើយទេ៕