ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញប្រកាសសម្រេចបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំជាផ្លូវការហើយ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ និងបន្ថយឋានន្តរស័ក្កិលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល មកនៅត្រឹមវរសេនីយ៍ឯក ។
ការបញ្ចប់តំណែងលោកស្នងការននគរបាលខេត្តកំពង់ធំនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបានរកឃើញកំហុស លោកឧត្តមាសេនីយ៍ទោ អ៊ុក កុសល ពាក់ព័ន្ធនឹងការបៀតបៀនកេរ្តិ៍ខ្មាសលើមន្ត្រីនគរបាលជានារីដែលជាកូនចៅរបស់ខ្លួន ។ មន្ត្រីនគរបាលជានារីចំនួន ០៤នាក់ បានដាក់ពាក្យបណ្តឹងប្តឹងមកសម្តេចក្រឡាហោម ស ខេង ដើម្បីឲ្យជួយរកយុត្តិធម៌ ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកាលពីព្រលប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ថា សម្តេចក្រឡាហោម ស ខេង បានចេញប្រកាសជាស្ថាពរហើយ គឺបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កាលពីថ្ងៃទី៧ ខែកញ្ញា ហើយក្រសួងមហាផ្ទៃបានស្នើសុំទោរាជរដ្ឋាភិបាល ដើម្បីបន្ថយឋានន្តរស័ក្តិពីឧត្តមសេនីយ៍ទោ មកនៅត្រឹមវរសេនីយ៍ឯក ប៉ុន្តែលោក អ៊ុក កុសល ស្ថិតនៅក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលដដែល ៕