(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើប្រទេសសមាជិកអាស៊ាន ធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីសម្រួលដល់លំហូរទំនិញ សេវាកម្ម និងប្រជាជន នៅក្នុងពេលមានវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩នេះ។
ការស្នើដូច្នេះ បានធ្វើឡើងនៅក្នុងសុន្ទរកថាគន្លឹះរបស់សម្តេចប្រធានរដ្ឋសភាថ្លែងទៅកាន់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ ដែលសភាប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះនៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះ តាមប្រព័ន្ធវីដេអូ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់បន្ថែមថា ការរាតត្បាតនៃជំងឺកូវីដ១៩នៅលើពិភពលោក បាននាំមកនូវបញ្ហាប្រឈមជាច្រើន ដែលមិនធ្លាប់មានពីមុនមកដូចជា សុវត្ថិភាព សុខភាពសាធារណៈ ការបង្អាក់ ការប្រមូលផ្តុំ និងដំណើរការនៃសង្វាក់ផ្គត់ផ្គង់សកល ជាពិសេសបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសង្គម និងសេដ្ឋកិច្ចសកលលោក។
សម្តេចពញាចក្រី បានលើកឡើងថា «យើងត្រូវធ្វើការរួមគ្នា បង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិ ដើម្បីផលប្រយោជន៍រួមរបស់យើង»។
ជំងឺកូវីដ១៩ បានធ្វើឲ្យការរៀបចំមហាសន្និបាតលើកទី៤១ អន្តរសភាអាស៊ាននៅឆ្នាំនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ។ សម្តេចពញាចក្រី ហេង សំរិន បានថ្លែងការកោតសរសើរចំពោះរដ្ឋសភាវៀតណាម ចំពោះការរៀបចំដ៏ល្អនៃមហាសន្និបាត (AIPA) លើកទី៤១ ទោះបីជា AIPA មិនអាចជួបប្រជុំគ្នា ដោយផ្ទាល់ក្តី។
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤នេះ បានប្រារព្ធធ្វើឡើងក្រោមមូលបទ «ការទូតសភា ដើម្បីសម្រេចបានសហគមន៍អាស៊ាន ប្រកបដោយភាពស្អិតរមួត និងឆ្លើយតប»។ សម្តេចពញាចក្រី ហេង សំរិន បានមានប្រសាសន៍លើកឡើងថា មូលបទខាងលេីនេះ ពិតជាសមស្រប និងឆ្លុះបញ្ចាំងពីភាពចាំបាច់ក្នុងការឈានទៅសម្រេចបានការកសាងសហគមន៍អាស៊ាន ប្រកបដោយឯកភាព សាមគ្គីភាព និងមជ្ឈភាព ដើម្បីជំរុញឱ្យអាស៊ានមានលទ្ធភាពចាប់យកឱកាស និងដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានប្រកបដោយប្រសិទ្ធភាព។
សម្តេសបានគូសបញ្ជាក់ថា សភាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពស្របច្បាប់ នៃស្ថាប័នពហុភាគី ជាពិសេសការកសាងអាស៊ានជាស្ថាប័នមួយផ្អែកលើគោលការណ៍ច្បាប់ និងប្រកាន់យកប្រជាជនជាស្នូល។ «ស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់អាយប៉ា នៅតែមានជានិច្ច ទោះក្នុងកាលៈទេសៈណាក៏ដោយ»។
អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា (AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។
អន្តរសភាអាស៊ាន ជាការប្រមូលផ្ដុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។ មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកផ្លាស់វេនគ្នាតាមលំដាប់អក្ខរក្រមនៃឈ្មោះប្រទេសតាមអក្សរឡាតាំង។
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១នេះ ប្រារព្ធធ្វើចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញានេះ។ បន្ទាប់ពីពិធីបើកជាផ្លូវការហើយ មហាសន្និបាតនឹងមានកិច្ចប្រជុំតាមគណៈកម្មាធិការជំនាញជាច្រើន តាមប្រព័ន្ធវីដេអូ របស់អាយប៉ាទៀត ដូចជា កិច្ចប្រជុំគណៈកម្មាធិការស្រ្តី កិច្ចប្រជុំសមាជិកសភាអាយប៉ាវ័យក្មេង កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និងកិច្ចប្រជុំគណៈកម្មាធិការរៀបចំ ជាដើម។
ក្នុងសុន្ទរកថាគន្លឹះទៅកាន់មហាសន្និបាត សម្តេចពញាចក្រី ហេង សំរិន បានបញ្ជាក់ថា សភាកម្ពុជាគាំទ្រការខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការថែរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ការដោះស្រាយ ជម្លោះដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងយន្តការការទូត ជៀសវាងការប្រើប្រាស់កម្លាំងអាវុធ។
ជាមួយគ្នានេះសភាកម្ពុជាគំាទ្រ និងលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែច្រើនពីសមាជិកសភាវ័យក្មេង នៅក្នុងកិច្ចប្រជុំសំខាន់របស់អាយប៉ា និងជាមួយយុវជនអាស៊ាន។ យុវជន បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ ក៏ដូចជាដំណើរការកសាងសមាគមន៍អាស៊ាន ប្រកបដោយវឌ្ឍនភាព និងវិបុលភាពផងដែរ។
សម្តេចពញាចក្រី ហេង សំរិន ក៏បានលើកឡើងថា ដោយការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះត្រូវការថវិកា សម្ភារៈបរិក្ខារ ក៏ដូចជា កម្លាំងមនុស្សច្រើន អ្វីដែលកម្ពុជាអាចផ្តល់ជាបទពិសោធន៍គឺការជំរុញ និងបំផុស នូវវប្បធម៌ចែករំលែក ក្នុងនោះគឺការចែករំលែកពីស្ថាប័នរដ្ឋ ឯកជន ទៅប្រជាជន ការចែករំលែកពីដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលទៅប្រជាជន និងការចែករំលែករវាងប្រជាជន នៅក្នុងមូលដ្ឋាន។ វប្បធម៌នេះ បង្ហាញយ៉ាងច្បាស់ អំពីស្មារតីចែករំលែកសាមគ្គីភាព និងរួបរួមជាតិតែមួយ៕