(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ និងលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានជួបគ្នាជជែកលើវឌ្ឍនភាពការងារដោះស្រាយវិវាទ និងបញ្ហារបស់អ្នកសារព័ត៌មាន។
គណៈកម្មការសម្របសម្រួលដោះស្រាយវិវាទអ្នកសារព័ត៌មានរួមមាន៖ លោករដ្ឋមន្ត្រី ជាប្រធាន និងមានអនុប្រធានចំនួន ៤រូប ក្នុងនោះមានអនុប្រធានអចិន្ត្រៃយ៍ ១រូប គឺលោក ជា កែវចិន្តា ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋាននិតិកម្មក្រសួងព័ត៌មាន។ ជាមួយគ្នានេះ ក៏មាន សមាជិកចំនួន ១៨រូប ក្នុងនោះដែរក៏មានសមាជិកមកពីស្ថាប័ន សារព័ត៌មានចំនួន៤ រួមមាន៖ ក្លឹបអ្នកកាសែតកម្ពុជា, សហភាពសហព័ន្ធអ្នកកាសែតកម្ពុជា, សមាគមអ្នកសារព័ត៌មានកម្ពុជា ដើម្បីសេរីភាព និងសមាគមកម្ពុជាការពារអ្នកកាសែត។
លោក ជា កែវចិន្តា ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋាននិតិកម្មក្រសួងព័ត៌មាន បានធ្វើរបាយការណ៍ជម្រាបជូនពីលទ្ធផល នៃការទទួលពាក្យបណ្តឹងចាប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន មានបណ្ដឹងជាលាយលក្ខអក្សរឆ្លងតាមក្រសួង-ស្ថាប័នចំនួន ៥ករណី និងបានដោះស្រាយរួចរាល់ចំនួន ៤ករណី។
បណ្ដឹងជាលាយលក្ខណ៍អក្សរ ឆ្លងតាមអង្គភាពចំនួន ៣ករណី បានដោះស្រាយរួចរាល់, បណ្ដឹងដោយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់លំដាប់ ចំនួន១ករណី បានដោះស្រាយរួចរាល់, បណ្ដឹងផ្ទាល់មាត់ចំនួន ៦ករណី បានដោះស្រាយរួចរាល់។ ចុងក្រោយនេះ កាលពីថ្ងៃទី០១ ខែកញ្ញា លោក ហ៊ុយ វណ្ណ: ប្រធានសហភាពសហពន្ធ័អ្នកសារព័ត៌មានកម្ពុជា បានដាក់ពាក្យមកក្រសួងព័ត៌មាន ដើម្បីស្នើសុំរដ្ឋមន្ត្រីក្រសួងព័ត៌មាន ពិនិត្យលើរបាយការណ៍ស្តីពីស្ថានភាពអ្នកកាសែតមួយនៅខេត្តកំពង់ឆ្នាំង។ ករណីនេះ នាយកដ្ឋាននីតិកម្មកម្ពុជាពិនិត្យ។
លោក គី តិច បានលើកឡើងថា ចាប់តាំងពីការគណ:កម្មការសម្របសម្រួលដោះស្រាយវិវាទអ្នកសារព័ត៌មានបានបង្កើតឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មិនទាន់ទទួលការការពារចំពោះអ្នកសារព័ត៌មាន ដែលមានកំហុសនៅឡើយទេ។ ប៉ុន្តែគ្រាន់តែមានចំណុចខ្លះ បានផ្លាស់ប្តូរយោបល់គ្នាជាមួយក្រុមការងារក្រសួងព័ត៌មាន ពាក់ព័ន្ធទៅនឹងអ្នកសារព័ត៌មាន ដែលមាន បញ្ហា ដោយមិនគោរពតាមក្រមសីលធម៏វិជ្ជាជីវៈត្រឹមត្រូវ។
គណៈកម្មការមានភារកិច្ចសម្របសម្រួលវិវាទរបស់អ្នកសារព័ត៌មាន បានចុះបញ្ជីនៅក្រសួងព័ត៌មាន ដែលត្រូវទទួលរងការប្តឹងតវ៉ាពីភាគីពាក់ព័ន្ធ ក្នុងពេលបំពេញវិជ្ជាជីវៈ។ ទទួលពាក្យបណ្តឹង របស់អ្នកសារព័ត៌មាន ដែលមានវិវាទក្នុងពេលបំពេញវិជ្ជាជីវៈ ពិនិត្យ សិក្សាអំពីអង្គហេតុ និងអង្គច្បាប់លើបណ្តឹងនីមួយៗ ជូនថ្នាក់ដឹកនាំសម្រេច។
ជាមួយគ្នានេះគណៈកម្មការ ធ្វើការពិគ្រោះយោបល់ ដើម្បីពិភាក្សាអំពីបញ្ហានានា ដែលអាចកើតមានជាយថាហេតុ មុននឹងចេញផ្សាយអត្ថបទព័ត៌មានទាកទងនឹងបញ្ហារសើប។ សម្របសម្រួលក្នុងការបញ្ជូនពាក្យបណ្តឹងរបស់អ្នកសារព័ត៌មាន មានវិជ្ជាជីវ: ទៅក្រុមមេធាវី ស្ម័គ្រចិត្តសម្តេចតេជោសែន។ គណ:កម្មការនេះ ក៏តាមដានការអនុវត្តនីតិវិធីបណ្តឹងនីមួយៗ តាំងពីដើមរហូតបញ្ចប់ និងធ្វើរបាយការណ៍ជាទៀតទាត់ដល់ថ្នាក់ដឹកនាំ។
លោករដ្ឋមន្ត្រី បានលើកឡើងថា កិច្ចប្រជុំនេះ ធ្វើឡើងរយះពេល ៦ខែម្តង ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់គណ:កម្មការសម្របសម្រួល ដោះស្រាយវិវាទអ្នកសារព័ត៌មាន។ តាមរយៈកិច្ចការងារនេះ ក្រុមការងាររបស់ក្រសួងព័ត៌មាន បានទទួលពាក្យបណ្តឹងមួយចំនួន ទាក់ទងនិងអ្នកសារព័ត៌មាន ហើយរាល់ពាក្យបណ្តឹងទាំងអស់នោះ ខាងនាយកដ្ឋាន នីតិកម្ម ក្រសួងព័ត៌មាន បានធ្វើការពិនិត្យជាមុនសិន បើជាកំហុសរបស់កាសែត ដែលរញ៉េរញ៉ៃ គឺមិនដាក់ជូនក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ធ្វើការដោះស្រាយនោះទេ ដោយសារអ្នកកាសែតឥឡូវមាន ច្រើនបែបណាស់ ក្នុងការកំណត់ឱ្យបានច្បាស់លាស់។ ដូច្នេះរាល់សំណើ ដែលក្រសួងពិនិត្យឃើញថា មានភាពសមស្រប ដើម្បីឱ្យមានការជួយពីមេធាវី ទើបក្រសួងបញ្ជូនទៅពិនិត្យ និងជួយដោះស្រាយការពារអ្នកសារព័ត៌មាន ដែលធ្វើកិច្ចការងារប្រកបដោយវិជ្ជាជីវ:ត្រឹមត្រូវ៕