(ភ្នំពេញ)៖ លោក អាន់តូនីញ្ញូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីថ្លែងអំណរគុណសម្តេច ដែលបង្ហាញឆន្ទៈក្នុងការជួយសម្រួលដល់ការហោះហើរផ្នែកមនុស្សធម៌ ដែលអនុញ្ញាតឱ្យបុគ្គលិកមនុស្សធម៌ និងបុគ្គលិកសុខាភិបាលរបស់អង្គការសហប្រជាជាតិ ចូលទៅកាន់ប្រទេសមួយចំនួន ដើម្បីជួយដល់ជនងាយរងគ្រោះបំផុតដោយសារជំងឺកូវីដ១៩។
ក្នុងលិខិតរបស់ខ្លួនផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំសូមថ្លែងអំណរគុណ ចំពោះលិខិតចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងចំពោះការគាំទ្ររបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ ជាសកល រួមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់ក្រុមការងារមនុស្សធម៌ គ្រូពេទ្យ និងសម្ភារបរិក្ខារផ្សេងៗ។ ការគាំទ្រនេះ មានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជាធានានូវការបន្ត ប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះជីវិតនៅទីកន្លែងក្រីក្រ និងងាយរងគ្រោះបំផុតនៅលើពិភពលោក»។
លោកបានបន្តទៀតថា៖ «ខ្ញុំសូមថ្លែងអំណរគុណជាពិសេសដល់រាជរដ្ឋាភិបាលរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះឆន្ទៈក្នុងការជួយសម្រួលដល់ការហោះហើរផ្នែកមនុស្សធម៌ ដែលអនុញ្ញាតឱ្យបុគ្គលិកមនុស្សធម៌ និងបុគ្គលិកសុខាភិបាល ចូលទៅកាន់ប្រទេសមួយចំនួន ដើម្បីជួយដល់ជនងាយរងគ្រោះបំផុត។ ក្នុងដំណើរឆ្ពោះទៅមុខ ប្រការនេះមានសារសំខាន់ណាស់ ក្នុងការរក្សាឱ្យបានខ្ជាប់ខ្ជួននូវវិធានការក្នុងអំឡុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ និងវិបត្តិមនុស្សធម៌ដទៃទៀត ដើម្បីអនុញ្ញាតជួយសម្រួល និងពនឿនការបន្តធ្វើដំណើររបស់បុគ្គលិកមនុស្សធម៌ និងបុគ្គលិកសុខាភិបាល និងការដឹកជញ្ជូនសម្ភារបរិក្ខា តាមរយៈជើង ហោះហើរផ្នែកមនុស្សធម៌ និងសង្គ្រោះ»។
«សហគមន៍មនុស្សធម៌ កំពុងបន្តបង្កើនការឆ្លើយតបរបស់ខ្លួន ចំពោះផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺកូវដ១៩។ ដូចដែល សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជ្រាបហើយ ការធ្វើបច្ចុប្បន្នភាព “ផែនការឆ្លើយតបមនុស្សធម៌ សកលលោកប្រឆាំងជំងឺកូវីដ១៩” នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ឥឡូវនេះអាចឱ្យអង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួនផ្តល់នូវជំនួយផ្នែកសុខភាព និងជំនួយសង្គ្រោះជីវិតផ្សេងទៀតដល់ ៦៣ ប្រទេស ដែលប្រឈមមុខនឹងវិបត្តិមនុស្សធម៌ ឬភាពផុយស្រួយកម្រិតខ្ពស់។ តាមរយៈកិច្ចសហការរួមគ្នាជាមួយអគ្គនាយកនៃអង្គការសុខភាពពិភពលោក ខ្ញុំបានបង្កើតក្រុមការងារ ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងបរិបទជំងឺកូវីដ១៩ (COVID-19 Supply Chain Task Force) ដែលមានអង្គការ សុខភាពពិភពលោក និងអង្គការស្បៀងអាហារពិភពលោកជាសហប្រធាន ដើម្បីកំណត់គម្លាតនៃការផ្គត់ផ្គង់ និងផ្តល់នូវបរិក្ខារពេទ្យចាំបាច់ដល់ប្រទេសនានា សម្រាប់ការឆ្លើយតបនឹងកូវីដ១៩»។ នេះបើតាមលិខិតរបស់ លោក អាន់តូនីញ្ញូ ហ្គូទែរ៉េស។
លោកបន្តថា «ខ្ញុំមានសេចក្ដីរីករាយដោយបានដឹងថា ព្រះរាជាណាចក្រកម្ពុជាបានចាត់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ឱ្យសហការជាមួយអង្គការសុខភាពពិភពលោក និងអង្គការស្បៀងអាហារពិភពលោក ក៏ដូចជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងទីភ្នាក់ងារមនុស្សធម៌នានា ដើម្បីជួយសម្រួលដល់ប្រតិបត្តិការនេះ។ អង្គការសហប្រជាជាតិរីករាយបន្តធ្វើការជាមួយ ព្រះរាជាណាចក្រកម្ពុជា ក្នុងគ្រាលំបាកដែលពុំធ្លាប់មាននេះ។ មានតែតាមរយៈការធ្វើការរួមគ្នាប៉ុណ្ណោះ ដែលអាចឱ្យយើងធ្វើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ការពារជនងាយរងគ្រោះបំផុត និងកម្លាំងសង្គមប្រកបដោយសមធម៌ និងបរិយាប័ន្ន ដែលការពារសុខភាព និងសុខុមាលភាពរបស់មនុស្សទាំងអស់ និងភពផែនដី»៕
ខាងក្រោមនេះជាលិខិតរបស់លោក អាន់តូនីញ្ញូ ហ្គូទែរ៉េស៖