(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលេីកឡេីងដូចនេះនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីក្រសួង ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្រោមឱវាទក្រសួង។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សា ពីវិធានការទប់ស្កាត់យានដ្ឋានជួសជុលនិងកែច្នៃ និងយានដ្ឋានដំឡើងយានយន្តខុសច្បាប់ ការគ្រប់គ្រងឯកសារចុះបញ្ជីយានយន្ត ការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ការងារគ្រប់គ្រង និងត្រួតពិនិត្យស្លាកសញ្ញាចរាចរណ៍តាមដងផ្លូវជាតិ និងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
ទេសរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ក្រសួងនឹងធ្វើរបាយការណ៍អំពីស្ថានភាពនៃយានដ្ឋានគ្មានច្បាប់អនុញ្ញាត និងយានដ្ឋានមានច្បាប់អនុញ្ញាត និងយានដ្ឋានមានច្បាប់អនុញ្ញាតតែកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ជូនក្រសួងមហាផ្ទៃ និងជូនអាជ្ញាធរដែនដី ដើម្បីចាត់ការតាមច្បាប់។ លោកសង្កត់ធ្ងន់ថា ក្រសួងត្រូវបន្តសហការជាមួយអាជ្ញាធរដែនដី ជាពិសេសនគរបាល និងកងរាជអាវុធហត្ថ ដើម្បីចាត់វិធានការលើយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស។
ដោយឡែកចំពោះវិធានការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ លោកទេសរដ្ឋមន្ត្រី បានណែនាំឲ្យក្រុមមន្ត្រីជំនាញពាក់ព័ន្ធប្រើប្រាស់យន្តការជញ្ជីងចល័ត ជញ្ជីងបង្កប់ក្រោមតួផ្លូវ (WEIGHT IN MOTION) និងកាមេរ៉ាចាប់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឱ្យបានច្រើនកន្លែង ដើម្បីតាមចាប់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលគេចវេស មិនព្រមចូលថ្លឹងនៅតាមស្ថានីយជញ្ជីង ដែលជាមូលហេតុចម្បងនាំឱ្យមានគ្រោះថ្នាកចរាចណ៍ អន្តរាយដល់ផ្លូវថ្នល់ និងខាតបង់ថវិកាជាតិជាដើម។
លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់របស់ក្រសួងសិក្សាលម្អិតគ្រប់ផ្លូវទាំងអស់ ដើម្បីរៀបចំបំពាក់ស្លាកសញ្ញាឱ្យត្រូវតាមលក្ខណៈបច្ចេកទេស ងាយមើលឃើញ និងមានគុណភាពល្អអាចប្រើប្រាស់បានយូរអង្វែង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។