(ភ្នំពេញ)៖ ក្នុងលិខិតរបស់ខ្លួន លោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី បានសរសេរថា៖ «ខ្ញុំសូមសម្ដែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវ វិធានការប្រកបដោយប្រសិទ្ធភាព និងសកម្មបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩។ ឆ្លៀតក្នុងឱកាសនេះដែរ អង្គការទេសចរណ៍ពិភពលោក ក៏សូមជូនពរដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យជួបតែសុខសុវត្ថិភាព និងសុខភាពល្អអំឡុងពេលនៃថ្ងៃឈប់សម្រាកពិធីចូលឆ្នាំខ្មែរ ដែលតាមប្រពៃណីប្រារព្ធធ្វើឡើងក្នុងខែមេសា តែត្រូវបានលើកពេលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩»។
លោកបន្តថា «យើងខ្ញុំពិតជារីករាយខ្លាំងណាស់ ដោយបានឃើញកម្ពុជាកំពុងតែចាប់ផ្តើមទេសចរណ៍ក្នុងស្រុកឡើងវិញ ស្ថិតក្រោមការគ្រប់គ្រងដ៏ល្អ និងបានដាក់អនុវត្តវិធានសុវត្ថិភាពចាំបាច់ និងអនាម័យ ក៏ដូចជាគោលការណ៍ណែនាំនានា នៅតាមតំបន់ទេសចរណ៍។ ការចាប់ផ្តើមឡើងវិញប្រកបដោយការទទួលខុសត្រូវនេះ ពិតជាស្របតាម អនុសាសន៍ណែនាំរបស់អង្គការទេសចរណ៍ពិភពលោក»។
ជាមួយនឹងការកោតសរសើរនេះ លោក ហ្សូរ៉ាប បានបញ្ជាក់ដែរថា អង្គការទេសចរណ៍ពិភពលោក កំពុងសម្របសម្រួលការបើកឡើងវិញនូវវិស័យទេសចរណ៍ ដោយសហការជាមួយប្រទេសជាសមាជិក និងអង្គការអន្តរជាតិនានា តាមរយៈការបង្កើត គោលការណ៍ណែនាំ និងអនុសាសន៍នានា សម្រាប់ការចាប់ផ្តើមឡើងវិញនូវសកម្មភាពទេសចរណ៍ប្រកបដោយ សុវត្ថិភាព និងការទទួលខុសត្រូវ។ «យើងខ្ញុំសូមអរគុណដល់កម្ពុជាជាអនេក សម្រាប់ការចូលរួមក្នុងកិច្ចខិតខំប្រឹង ប្រែងនេះ ដែលបានឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងសកម្មភាពរបស់អង្គការទេសចរណ៍ពិភព លោកអំឡុងពេលវេលាដ៏លំបាកនេះ»។
អគ្គលេខាធិការ អង្គការទេសចរណ៍ពិភពលោកសូមសម្តែងនូវការកោតសរសើរខ្ពស់ចំពោះការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្ដេច តេជោ ហ៊ុន សែន ដែលតែងតែទុកសុខុមាលភាព និងសុវត្ថិភាពប្រជាពលរដ្ឋជាអាទិភាព ហើយលោកសង្ឃឹមយ៉ាងមុតមាំថា ថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំថ្មីនេះនឹងចូលរួមចំណែកដល់ការចាប់ផ្តើមឡើងវិញនូវ ទេសចរណ៍ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវក្នុងប្រទេសកម្ពុជា៕