(បេរូត)៖ ក្រុមជំនាញនៃយោធាលីបង់ និងអ្នកជំនាញមកពីប្រទេសបារាំង បានរកឃើញកុងតឺន័រចំនួន ៧៩ទូ មានផ្ទុកទៅដោយសារធាតុគីមីគ្រោះថ្នាក់ តម្កល់ទុកនៅកំពង់ផែទីក្រុងបេរូត ដែលទើបទទួលរងករណីផ្ទុះដ៏កក្រើកកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញដោយយោធាលីបង់នៅដើមសប្តាហ៍នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «កំលុងថ្ងៃទី១៤ ដល់ថ្ងៃ២២ ខែសីហា ទូកុងតឺន័រសរុបចំនួន ២៥ ផ្ទុកទៅដោយសារធាតុគីមី អាស៊ីត-អ៊ីដ្រូក្លរិច (hydrochloric acid) ត្រូវបានរកឃើញ ជាមួយនិងកុងតឺន័រ ៥៤ទូទៀតដែលផ្ទុកទៅដោយសារធាតុគីមីគ្រោះថ្នាក់ប្រភេទផ្សេងៗគ្នា»។
ទោះជាយ៉ាងណា អាជ្ញាធរលីបង់មិនបានបញ្ជាក់ព័ត៌មានលម្អិតបន្ថែម ជុំវិញការរកឃើញខាងលើនេះនៅឡើយទេ ខណៈសារធាតុគីមីរាប់សិបកុងតឺន័រ ដែលទើបត្រូវបានរកឃើញថ្មីៗនេះ ត្រូវបានក្រុមជំនាញអះអាងថា សុទ្ធតែអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនៅពេលវាឆាបឆេះ និងផ្ទុះ។
គួរបញ្ជាក់ថា ការផ្ទុះសារធាតុគីមីអាម៉ូញ៉ូមនីត្រាតទម្ងន់ ២,៧៥០តោន កាលពីថ្ងៃទី០៤ ខែសីហា នៅតំបន់កំពង់ផែទីក្រុងបេរូត បានបណ្តាលឲ្យមនុស្សសរុបជាង ១៧០នាក់ស្លាប់ និងជាង ៤០,០០០នាក់រងរបួស ខណៈសារព័ត៌មានក្នុងស្រុកលីបង់ បានចេញផ្សាយថា មនុស្សជាង ១០០នាក់ទៀតនៅតែបន្តបាត់ខ្លួន មកទល់នឹងពេលនេះ៕