(ភ្នំពេញ)៖ ចិន បានប្រកាសផ្តល់កិច្ចសហការ និងចែករំលែកនូវព័ត៌មានជាក់លាក់ទាំងឡាយក្នុងការគ្រប់គ្រងទឹក ដើម្បីដោះស្រាយការប្រែប្រួលទឹកក្នុងអាងទន្លេមេគង្គ ដែលជាក្តីបារម្ភមួយរបស់ប្រទេសក្នុងតំបន់ទន្លេមេគង្គនាពេលបច្ចុប្បន្ន។
មេគង្គ-ឡានឆាង មានផ្ទៃទន្លេសរុបប្រវែងប្រមាណ ៤,៨៨០គីឡូម៉ែត្រ ហូរកាត់ប្រទេសចំនួន៦ គឺ៖ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម ដោយមានផ្ទៃស្ដុកទឹកប្រមាណ ៧៩៥,០០០គីឡូម៉ែត្រការ៉េ ហើយផ្គត់ផ្គង់ប្រជាជនប្រមាណ ៣២៦លាននាក់នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។
នៅក្នុងឆ្នាំ២០២០នេះ កម្រិតទឹកក្នុងអាងទន្លេមេគង្គមានបម្រែបម្រួលយ៉ាងខ្លាំង ពោលកម្រិតទឹកក្នុងអាងទន្លេមេគង្គមានកម្រិតកាន់តែទាបទៅ។ ការប្រែប្រួលកម្រិតទឹកនេះ បាននាំឱ្យការបារម្ភខ្លាំងដល់ការប៉ះពាល់ធនធានជលផល និងការខ្វះទឹកសម្រាប់បង្កបង្កើនផលនៅប្រទេសទន្លេមេគង្គក្រោមដូចជាកម្ពុជា និងវៀតណាម។
បើទោះបីអ្នកជំនាញពន្យល់ថា បម្រែបម្រួលទឹកក្នុងអាងទន្លេមេគង្គបណ្តាលមកពីបម្រែបម្រួលអាកាសធាតុក៏ដោយចុះ ក៏មានការទាញភ្ជាប់ និងការទម្លាក់កំហុសមួយចំនួនថា បម្រែបម្រួលទឹកក្នុងអាងទន្លេមេគង្គនេះ បណ្តាលមកពីការទប់ទំនប់ធ្វើវារីអគ្គិសនីនៅក្នុងប្រទេសចិន និងប្រទេសឡាវជាដើម។
ក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង ដែលជាកិច្ចសហប្រតិបត្តិការរវាងចិន និងប្រទេសតាមដងទន្លេមេគង្គចំនួន៥រួមមាន៖ ឡាវ ថៃ មីយ៉ាន់ម៉ា កម្ពុជា និងវៀតណាម នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ប្រទេសតាមដងទន្លេមេគង្គចំនួន៤ មិនបានលើកបញ្ហាបម្រែបម្រួលទឹកក្នុងទន្លេមេគង្គនោះទេ មានតែចិន និងវៀតណាមប៉ុណ្ណោះបានលើកបញ្ហានេះ។
នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បានលើកឡើងថា ត្រូវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទឹកនេះបន្ថែមទៀត ទាំងក្នុងការប្រើប្រាស់ និងការថែរក្សាទឹក ដោយគោរពគ្នាទៅវិញទៅមក។ បន្ថែមពីនោះប្រទេសនៅតាមដងទ្លេងឡានឆាង និងមេគង្គ ត្រូវជួយគ្នាទៅវិញទៅមកក្នុងផលប្រយោជន៍រួម និងជំរុញកិច្ចសហប្រតិបត្តិការដោយកសាងកុងសង់ស៊ីស។
លោក លី ខឺឈាង បានអះអាងថា ចិនត្រៀមផ្តល់ជំនួយសម្រាប់បណ្តាប្រទេសមេគង្គ ដើម្បីប្រើប្រាស់ធនធានទឹកនេះ ហើយចាប់ពីឆ្នាំ២០២០នេះទៅ ចិន នឹងចែករំលែកព័ត៌មានទឹកដល់ប្រទេសតាមដងទន្លេមេគង្គ ឱ្យទាន់ពេលវេលានៅក្នុងរដូវទឹកជំនន់ ក៏ដូចជារដូវរាំងស្ងួត។
លោកនាយករដ្ឋមន្ត្រីចិន បានគូសបញ្ជាក់ដូច្នេះ «យើងនឹងធ្វើការជាមួយអ្នកទាំងអស់គ្នា ដើម្បីបង្កើតនូវវេទិកាចែករំលែកព័ត៌មានអំពីសហប្រតិបត្តិការធនធានទឹកនេះ។ ទន្លេឡានឆាង-មេគង្គ ស្ថិតនៅក្នុងផ្នែកប្រទេសចិន អ៊ីចឹងចិន នឹងដើរតួនាទីសំខាន់នៅក្នុងការដាក់ចេញនូវវេទិកា ដែលនឹងបើកចំហដល់ប្រទេសទាំង៦នៅក្នុងយន្តការនេះ»។
លោក លី ខឺឈាង បន្ថែមថា «ប្រសិនបើមានការផ្លាស់ប្តូរកម្ពស់ទឹកក្នុងស្ថានការណ៍ណាមួយនោះ ប្រសិនបើមានការលំបាកសម្រាប់ប្រទេសនីមួយៗក្នុងការកត់ត្រាព័ត៌មានពីទឹកទន្លេនេះ យើងត្រៀមខ្លួនផ្តល់ទិន្នន័យជាចំហ ដើម្បីចែករំលែក និងអញ្ជើញអ្នកជំនាញពីប្រទេសទាំងអស់ ដើម្បីវិភាគទិន្នន័យ ហើយទិន្នន័យនឹងផ្តល់ជូនដល់ប្រទេសពាក់ព័ន្ធទាំងអស់ក្នុងការប្រើប្រាស់ទិន្នន័យជាឯកសារយោង ដើម្បីបង្កើតនូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាព»។
លោកនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីធនធានទឹកនៃប្រទេសមេគង្គ-ឡានឆាង ដោយទៀងទាត់មួយ ដើម្បីដោះស្រាយបញ្ហាទាំងឡាយ។
ប្រទេសវៀតណាម ដែលជាប្រទេសនៃដងទន្លេមេគង្គផ្នែកក្រោមគេ ហើយទទួលរងគ្រោះខ្លាំងជាងគេពីបម្រែបម្រួលទឹកក្នុងអាងទន្លេមេគង្គនេះ។ លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម បានគូសរំលេចពីផលលំបាករបស់ខ្លួនពីការប្រែប្រួលទឹកក្នុងអាងទន្លេមេគង្គនេះ រហូតមានការហូរចូលទឹកសមុទ្រមកក្នុងទន្លេមេគង្គរបស់ខ្លួន។
លោកនាយករដ្ឋមន្ត្រីវៀតណាម បានចេញមកគាំទ្រពេញទំហឹងចំពោះឆន្ទៈ និងសំណើរបស់លោកនាយករដ្ឋមន្ត្រីចិនក្នុងការដោះស្រាយបម្រែបម្រួលទឹកក្នុងអាងទន្លេមេគង្គនេះ។
លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីចិន បានលើកឡើងថា «ខ្ញុំវាយតម្លៃខ្ពស់ចំពោះសំណើរបស់លោកានយករដ្ឋមន្ត្រី លី ខឺឈាង ក្នុងការចែករំលែកព័ត៌មានស្តីពីទឹកពេញមួយឆ្នាំ។ ការចែករំលែកព័ត៌មានពីទឹកនេះ វៀតណាមគាំទ្រនូវកិច្ចប្រជុំប្រចាំឆ្នាំរបស់រដ្ឋមន្ត្រីធនធានទឹក ដើម្បីមានសហប្រតិបត្តិការមួយលើគម្រោងគាំពារបរិស្ថាន និងការគ្រប់គ្រងប្រកបដោយចេរភាពនូវធនធានទឹក»៕