(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនយន្តហោះដឹកជំនួយបន្ថែមទៀត ទៅកាន់ប្រទេសលីបង់ បន្ទាប់ពីមានការផ្ទុះដ៏ខ្លាំងក្លា ក្នុងរដ្ឋធានីបេរូត ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសរាប់ពាន់នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០។
ការប្រកាសខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ និងបន្ទាប់ពីលោកផ្ទាល់ កាលពីថ្ងៃសៅរ៍ បានឱ្យដឹងថារូបលោកបានជូនដំណឹង ដល់រដ្ឋាភិបាលលីបង់ថាយន្តហោះអាមេរិកចំនួន៣គ្រឿង កំពុងធ្វើដំណើរទៅកាន់រដ្ឋធានីបេរូត ដើម្បីផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្រ្ត និងឧបករណ៍សង្គ្រោះបន្ទាន់ចំបាច់ នានា។ លោក ត្រាំ បានបន្ថែមទៀតថា សហរដ្ឋអាមេរិក ក៏បានត្រៀមខ្លួនជាស្រេចដើម្បីជួយក្នុងការស៊ើបអង្កេតពីដើមហេតុនៃគ្រោះថ្នាក់នេះផងដែរ។
គួរជម្រាបថា កាលពីថ្ងៃអង្គារសប្តាហ៍មុន ហេតុការណ៍ផ្ទុះដ៏កក្រើក បានកើតឡើងក្នុងរដ្ឋធានីបេរូត (Beirut) ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោច១៥៨នាក់ បានស្លាប់ និងច្រើនជាង ៦០០០នាក់ទៀតរងរបួស ខណៈអគាររាប់សិបខ្នង ត្រូវបានខូចខាត ឬត្រូវបានបំផ្លាញទាំងស្រុងដោយសារគ្រោះថ្នាក់នេះ។ អាជ្ញាធរលីបង់ បានអះអាងថា ការផ្ទុះនេះបណ្តាលមកពីសារធាតុអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ចំនួន ២.៧៥០ តោនដែលមន្ត្រីគយបានរឹបអូស កាលពីឆ្នាំ២០១៤ កន្លងទៅ ហើយបានរក្សាទុកនៅក្នុងកំពង់ផែ ដោយគ្មានការរក្សាសុវត្ថិភាព។ រហូតមកទល់នឹងពេលនេះ មានប្រទេសជាច្រើនបានផ្តល់ជំនួយ ដល់ប្រទេសលីបង់ ដើម្បីដោះស្រាយផលវិបាកក្រោយការផ្ទុះនេះ៕