(ភ្នំពេញ)៖ បន្ទាប់ពីសង្កេតឃើញមាន មន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមួយចំនួន ដែលចំណុះក្រសួងមហាផ្ទៃ បានទៅប្រកបវិជ្ជាជីវៈជាមេធាវី ខុសនឹងច្បាប់ និងគោលការណ៍នោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំំមួយ ដោយដាក់កំហិតឱ្យមន្រ្តីទាំងនោះសម្រេចជ្រើសរើសយកការងារតែមួយមុខប៉ុណ្ណោះ នោះគឺក្របខណ្ឌក្រសួងមហាផ្ទៃ ឬប្រកបវិជ្ជាជីវៈមេធាវី។
តាមសេចក្តីណែនាំ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា៖ ដើម្បីចៀសវាងការបំពេញមុខងារសាធារណៈផង និងប្រកបវិជ្ជាជីវៈជាមេធាវីផង ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំចំពោះមន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃ ត្រូវជ្រើសរើសយកការបំពេញ មុខងារជាអ្នករាជការសាធារណៈ ប្រកបវិជ្ជាជីវៈ ជាមេធាវី ដូចខាងក្រោម ៖
១៖ ការសុំស្ថិតក្នុងស្ថានភាពសុំមិនប្រកបវិជ្ជាជីវៈ ការសុំនៅក្រៅបញ្ជីនៃគណៈមេធាវី មន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំណុះក្រសួងមហាផ្ទៃ ដែលប្រកបវិជ្ជាជីវៈ ជាមេធាវី ត្រូវធ្វើសំណើទៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើសុំស្ថិតក្នុងស្ថានភាពមេធាវី សុំមិនប្រកបវិជ្ជាជីវៈ ឬសុំនៅក្រៅបញ្ជី នៃគណៈមេធាវី ស្របតាមគោលការណ៍ បែបបទនីតិវិធី និងច្បាប់ជាធរមាន។ បន្ទាប់ពីបានសេចក្ដីសម្រេចស្ដីពី ការអនុញ្ញាតឱ្យដាក់ក្នុងស្ថានភាពមេធាវីសុំមិនប្រកបវិជ្ជាជីវៈ ឬសេចក្ដីសម្រេចស្ដីពី ការដាក់ឱ្យនៅក្រៅបញ្ជី សាមន្ត្រីរាជការត្រូវថតចម្លងសេចក្ដីសម្រេចនោះ ជូនអង្គភាពសាមី ពិងអង្គភាពគ្រប់គ្រងបុគ្គលិក ដើម្បីតម្កល់ទុកជាឯកសារ និងងាយស្រួលក្នុង ការគ្រប់គ្រងទិន្នន័យមន្ត្រីរាជការដែលមានវិជ្ជាជីវៈជាមជាវី។
២៖ ការសុំលាឈប់ពីអ្នករាជការ ឬការសុំស្ថិតក្នុងភាពទំនេគ្មានបៀម មន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំណុះក្រសួងមហាផ្ទៃ ដែលមានបំណងប្រកប វិជ្ជាជីវៈជាមេធាវី ត្រូវដាក់ពាក្យស្នើសុំលាឈប់ពីអ្នករាជការសាធារណៈស្របតាមគោលការណ៍ បែបបទនីតិវិធី និងច្បាប់ជាធរមាន ក្នុងករណីមិនចង់លាឈប់ពីអ្នករាជការសាធារណៈ សាមីខ្លួនអាចដាក់ពាក្យស្នើសុំ ស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស ដើម្បីទៅប្រកបវិជ្ជាជីវៈជាមេធាវី ស្របតាមគោលការណ៍ បែបបទ នីតិវិធី និងច្បាប់ជាធរមាន ។
ជាមួយគ្នានឹងការដាក់កំហិតនេះ សម្តេចក្រឡាហោម បានបញ្ជាឲ្យគ្រប់អង្គភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំណុះក្រសួងមហាផ្ទៃ ត្រូវចាត់ឱ្យមានការ ស្រាវជ្រាវ និងរៀបចំបញ្ជីឈ្មោះមន្ត្រីរាជការដែលប្រកបវិជ្ជាជីវៈ ជាមេធាវី ខណៈពេលកំពុងបំពេញ មុខងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃផងដែរ៕