(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជំងឺទាំង៤នាក់ដែលព្យាបាលឱ្យជាសះស្បើយនេះ ជាបុរសជនជាតិខ្មែរ រួមមាន៖
* អាយុ ២៩ឆ្នាំ មានអាសយដ្ឋាននៅស្រុកព្រៃកប្បាស ខេត្តតាកែវ
* អាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅស្រុកអង្គរបូរី ខេត្តតាកែវ
* អាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅឃុំឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី
* អាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
បុរសទាំង ០៤នាក់ខាងលើ ជាអ្នកដំណើរមកពីប្រទេសរុស្ស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកកម្ពុជា។ ពួកគេត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
បើតាមការជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែសីហា ម្សិលមិញនេះ រកមិនឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ ករណីថ្មីនោះទេ។
ក្រសួងសុខាភិបាលបានឱ្យដឹងថា មកដល់ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុបចំនួន ២៤៣នាក់ មានស្ត្រី ៤៧នាក់ និងបុរស ១៩៦នាក់។ ក្នុងនោះអ្នកជំងឺដែលព្យាបាលឱ្យជាសះស្បើយមានចំនួនសរុប ២១៤នាក់ មានស្ត្រី ៤៦នាក់ និងបុរស ១៦៨នាក់។
រីឯអ្នកកំពុងសម្រាកព្យាបាលមានជំនួន ២៩នាក់។ ក្នុងនោះ ២៦នាក់ សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ, ២នាក់ សម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយឡែកស្ត្រី១នាក់ ជាជនជាតិកាហ្សាក់ស្តង់ ដែលបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបានប្តូរមកសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយនៅរាជធានីភ្នំពេញជំនួសវិញ៕