កណ្តាល ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញផ្សព្វផ្សាយ និងដាំកូនឈើនៅទីតាំង «គម្រោងអភិវឌ្ឍទីលានទុកដាក់សំរាម សំណល់រឹង ចុងក្រោយកម្រិតតំបន់ប្រកបដោយអនាម័យ សម្រាប់រាជធានីភ្នំពេញ» ដែលស្ថិតនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើទួលព្រិច មានទីតាំងផ្លូវជាតិលេខ៥១ ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាច្រើននាក់ផងដែរ ។
បើតាមរបាយការណ៍បានឲ្យដឹងថា ហេដ្ឋចនាសម្ព័ន្ធនៃគម្រោងរួមមាន ៖
1 – អគារសម្រាប់ប្រតិបត្តិការ អគារបុគ្គលិក អគាររោងជាង ឃ្លាំង ចំណតមធ្យោបាយ
2 – ស្ថានីយថ្លឹង ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រព័ន្ធទឹកភ្លៀង
3 – អគារកំប៉ុស្ត អគារសម្រាប់ញែកសំណល់
4 – រណ្តៅចាក់សំណល់៖ ការសាងសង់ចែកជា៥ដំណាក់កាល ដោយក្នុងមួយដំណាក់កាលមានពី៣-៤រណ្ដៅ (ជម្រៅពី៣-៥ម៉ែត្រ) ដែលគ្រោងប្រើប្រាស់បានរយៈពេលសរុប ២០ឆ្នាំ
5 – ប្រព័ន្ធប្រមូល និងប្រព្រឹត្តិកម្មទឹកសម្អុយ
6 – ប្រព័ន្ឋប្រមូលឧស្ម័នទីលាន
7 – តំបន់ទ្រនាប់ដែលមានការដាំដើមឈើ(គគីរ ឈើទាល អាកាស្យា)
8- ដីបម្រុងទុកសម្រាប់ហេដ្ឋរចនាសម្ព័ន្ធផ្សេងទៀត។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យសាងសង់ទីលានទុកដាក់សំរាម សំណល់រឹងខ្នាតតំបន់មួយ ស្ថានីយស្តារ និងផ្សព្វផ្សាយព្រៃឈើទួលព្រេច ដែលបម្រើឲ្យការគ្រប់គ្រងសំណល់ សំរាម របស់រាជធានីភ្នំពេញ និងតាមបណ្ដាក្រុង ស្រុក មួយចំនួន នៃខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល។ ជាមួយគ្នានេះ ទីលានដែលមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ បានសាងសង់រួចហើយដែរ នៅតាមបណ្ដាខេត្ត ក្រុង មួយចំនួន ដូចជា ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តស្វាយរៀង ។