(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំមួយ ផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត ពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាពសង្គម តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យ នៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុងពេលឈប់សម្រាកខាងមុខ។
ខាងក្រោមនេះ ជាវិធានការណ៍ផ្សេងៗ ដែលណែនាំដោយក្រសួងមហាផ្ទៃ៖
* ត្រូវគ្រប់គ្រងពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យបានល្អប្រសើរ ព្រមទាំងផ្ដល់សេវាចាំបាច់នានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
* ត្រូវណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រម្មណីយដ្ឋាន អាជីវកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យត្រៀមលក្ខណៈសម្បត្តិក្នុងការទទួលភ្ញៀវទេសចរឲ្យបានល្អប្រសើរ ធានាបានទាំងការស្នាក់នៅ ដំណើរកម្សាន្ដ ព្រមទាំងអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល
* ទន្ទឹមនេះត្រូវមានរៀបចំទឹកអាល់កុល ឬជែលសម្រាប់លាងដៃនៅច្រកចេញចូល និងត្រូវចាត់បុគ្គលិកដើម្បីធ្វើការវាស់កម្ដៅភ្ញៀវទាំងអស់ មុននឹងអនុញ្ញាតឲ្យចូលក្នុងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ឬអាហារដ្ឋាន ដោយត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល និងសុវត្ថិភាពសង្គមឲ្យបានត្រឹមត្រូវតាមការណែនាំ
* ចំពោះផ្សារទំនើង ផ្សាររដ្ឋ ឬផ្សារឯកជន ត្រូវណែនាំឲ្យម្ចាស់ និងអ្នកគ្រប់គ្រងរៀបចំទឹកអាល់កុល ឬជែលសម្រាប់លាងដៃនៅច្រកចេញចូល និងចាត់តាំងបុគ្គលិកឲ្យធ្វើការវាស់កម្ដៅប្រជាពលរដ្ឋទាំងអស់ ដែលចូលទៅក្នុងផ្សារ
* បន្ដជំរុញការអប់រំណែនាំ និងផ្សព្វផ្សាយដល់សាធារណជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបង្កើនការប្រុងប្រយ័ត្ន ការពារខ្លួនពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល សំដៅបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ដោយគោរពឲ្យបានជាប់ជាប្រចាំនូវទម្លាប់ក្នុងការរស់នៅបែបថ្មី
* ប្រើប្រាស់យន្ដការដែលមានស្រាប់ ដើម្បីបន្ដការគ្រប់គ្រងចលនារបស់ប្រជាពលរដ្ឋ និងតាមដានស្ថានការណ៍វិវត្តនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងក្នុងប្រទេសដើម្បីអាចម្ចាស់ការបានទាន់ពេលវេលា ក្នុងការសម្របសម្រួល ដោះស្រាយបញ្ហានានាដែលអាចកើតមានឡើង
* កៀរគរការចូលរួមសហការ និងគាំទ្រពីដៃគូអភិវឌ្ឍន៍ អង្គការ សង្គមស៉ីវិល វិស័យឯកជន និងសប្បុរសជន ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕