លោកយាយ អែម ថៃ អាយុ៧៨ ឆ្នាំ ដែលមានជំងឺប្រចាំកាយ ក្រោយពីទទួលបានយុត្តិធម៌ដែលបានឈ្នះក្ដីលើសុំណុំរឿងរដ្ឋប្បវេណី កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ កន្លងមកធ្វើឱ្យជំងឺលោកយាយបានធូរស្បើយមួយរយៈដោយលោកយាយគិតថាពេលបានឈ្នះក្ដី និងមិនមានអ្វីកើតឡើងទៀតនោះឡើយ ព្រោះគិតថារឿងនេះបានបញ្ចប់ ហើយសាលាដំបូងខេត្តកណ្តាលក៏បានធ្វើសុំណុំរឿងអនុវត្តផងដែរ ។ ស្រាប់តែថ្មីៗនេះលោកយាយក៏ទទួលបាននូវដំណឹងសារជាថ្មីថា មានគេប្ដឹងជំទាស់លើសាលក្រមរបស់តុលាការកំពូល ដែលលោកយាយបានឈ្នះក្ដី ពីភាគីឈ្មោះ អ៊ុន ស្រីអូន ហៅ(អ៊ុន អូន)ត្រូវជាកូនចុង ដោយប្ដឹងទាមទារឱ្យជំនុំជម្រះសាជាថ្មី ទាំងដែលមិនមានភស្តុតាងថ្មី ឬសាក្សីជាសំអាងឡើយ។
-លោកយាយ អែម ថៃ ក្រោយពីទទួលបាននូវព័ត៌មាននេះ លោកយាយមានការភ័យខ្លាច នៅពេលដែលតុលាការកំពូល បានសម្រេចឱ្យមានការជំនុំជម្រះសាជាថ្មីតាមពាក្យបណ្ដឹងរបស់កូនចុងឈ្មោះ អ៊ុន ស្រីអូន ហៅ(អ៊ុន អូន) ដែលមានអ្នកមានលុយ និងអំណាចកាងក្រោយខ្នងផងនោះ អាចធ្វើឱ្យមានការប្រែប្រួល”ការពិត”បាន។ ដោយមានការព្រួយបារម្មណ៍ ខ្លាចមានការប្រែប្រួល”ការពិត” លោកយាយក៏បានធ្វើពាក្យស្នើសុំអន្តរាគមន៍ទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីជួយរកយុត្តិធម៍ជូនលោកយាយផង។
យោងតាម ពាក្យស្នើសុំអន្តរាគមន៍ជួយការពារយុត្តិធម៌ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ របស់លោកយាយ អែម ថៃ សូមគោរពចូលមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “ជាទីគោរពដ៏ខ្ពង់ខ្ពស់”
កម្មវត្ថុ÷ សូមស្មើសុំ សម្ដេចតេជោនាយករដ្ឋមន្ត្រី មេត្តាជួយអន្តរាគមន៍កុំឱ្យមានការផ្លាស់ប្ដូរការពិត ដើម្បីការពារយុត្តិធម៌នៅសំណុំរឿងរដ្ឋប្បវេណីលេខ ៧៥ សថ ចុះថ្ងៃទី១៦ ខែវិច្ចិការ ឆ្នាំ២០២៣ របស់តុលាការកំពូល ជារឿងក្ដីជំនុំជម្រះសាជាថ្មី។
យោង÷ សាលដីការលេខ ៣៥៣ “ង” ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ របស់តុលាការកំពូល។
-ដីកាសម្រេចចាប់ចាប់ផ្ដើមជំនុំសម្រះសាជាថ្មីលេខ ១០ ដ.ស(ង) ចុះថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២៣ របស់តុលាការកំពូល។
តបតាមកម្មវុត្ថុ និងយោងខាងលើ នាងខ្ញុំសូមគោរពជម្រាបជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពងខ្ពស់មេត្តាជ្រាបថា÷ សាលាដំបូងខេត្តកណ្ដាល និងតុលាការកំពូល បានសម្រេច និងយល់ស្របគ្នាដូចទៅនឹងអាជ្ញាធរភូមិ ឃុំ និងស្រុកផងដែរ ដោយទទួលស្គាល់នាងខ្ញុំជាម្ចាស់ដីដែលបានកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលធ្វើស្រែជាប្រចាំរយៈពេលជាង ២០ឆ្នាំ ។ នាងខ្ញុំក៏ភ័យព្រួយ នៅពេលដែលតុលារការកំពូល បានសម្រេចឱ្យមានការជំនុំជម្រះសារជាថ្មីតាមពាក្យសុំរបស់សហចុងសម្លើយ ត្បិតមិនមានភស្តុតាង ឬសាក្សីសំអាងហេតុថ្មីនោះទេ។ ការណ៍នេះ ធ្វើឱ្យមានការសង្ស័យដល់គុណតំម្លៃយុត្តិធម៌និងអាចធ្វើឱ្យមានការប្រែប្រួល”ការពិត”ដែលមានតែមួយ។ រឿងនេះជាវិវាទគ្រួសារ មិនលំបាកដោះស្រាយនោះទេ បើមិនមានក្រុមហ៊ុនមានអំណាច មានលុយនៅពីក្រោយ។ កន្លងមកនៅមុនពេលតុលាការកំពូលជំនុំជម្រះកាត់ក្ដី នាងខ្ញុំ ក្នុងនាមជាម្ដាយធ្លាប់បានបង្ហាញឆន្ទៈសម្របសម្រួលដើម្បីបញ្ចប់រឿងនៅមុខចៅក្រម តែដោយសារមានការញុះញង់ និងអាងយ៉ាងធំជាងច្បាប់របស់អ្នកក្រៅ ដើម្បីដណ្ដើមផលប្រយោជន៍ ទើបផ្សះផ្សាមិនត្រូវគ្នា ហើយតុលាការកំពូល ក៏បានសម្រេចឱ្យនាងខ្ញុំឈ្នះក្ដី ហើយអាជ្ញាធរមូលដ្ឋានក៏បានចាត់ទុកនាងខ្ញុំជាម្ចាស់ដីផងដែរ។
-ក្រោយពីលោកយាយ អែម ថៃ បានដាក់ពាក្យស្នើសុំអន្តរាគមន៍ជួយការពារយុត្តិធម៌ ចូលខុទ្ធកាល័យសម្ដេចតេជោ នាយករដ្ឋមន្ត្រី លោកបានជ្រាប ទើបនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ “ខុទ្ធកាល័យ” សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញដីកាបញ្ជូន គោរពជូនឯកឧត្តមរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌
ប្រភពសំណើ÷ លិខិតចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ របស់ឈ្មោះ អែម ថៃ មានអាសយដ្ឋានបច្ចុប្បន្ន ភូមិត្រពាំងសង្កែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល គោរពជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី សំណើសុំជួយអន្តរាគមន៍កុំឱ្យមានការផ្លាស់ប្ដូរការពិត ដើម្បីការពារយុត្តិធម៌ក្នុងរឿងរដ្ឋប្បវេណីលេខ ៧៥ សថ ចុះថ្ងៃទី១៦ ខែវិច្ចិកា ឆ្នាំ២០២៣ របស់តុលាការកំពូល។
-ផ្សេងៗ÷ ជូនឯកឧត្តម រដ្ឋមន្ត្រី មេត្តាពិនិត្យសំណើនេះជាសមត្ថកិច្ចតាមការគួរ។
សូមឯកឧត្តម ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ។
រាជធានីភ្នំពេញ ថ្ងៃសុក្រ ២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នាយកខុទ្ទកាល័យ ឯកឧត្តម ហូ សិទ្ធី ៕