ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រតិភូអមដំណើរ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហាន ពលទាហាន ចំនួន ៤៨០នាក់ នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី១ នាខេត្តស្ទឹងត្រែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
———————————–
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្ដាំផ្ញើរ សាកសួរសុខទុក្ខ និងក្ដីនឹករលឹក ពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជូនដល់បងប្អូននាយទាហាន ពលទាហានទាំងអស់ នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី១។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងនូវចំណុចគន្លឹះថា ចំណុចជាយុទ្ធសាស្រ្តរបស់កម្ពុជាគឺរក្សាឲ្យបាន «សុខសន្តិភាព»។ នៅកម្ពុជា ក៏ដូចជានៅក្នុងសកលលោកទាំងមូល មានសន្តិភាព ទើបមានអ្វីផ្សេងៗទៀតបាន នោះគឺការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសប្រជាពលរដ្ឋទទួលសិទ្ធិជាមូលដ្ឋានរបស់ខ្លួន គឺសិទ្ធិរស់រានមានជីវិត និងការអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ណែនាំថា ក្នុងនាមជានាយទាហាន ពលទាហាន ត្រូវមានភាពច្បាស់លាស់អំពីដំណើរកម្ពុជា និងត្រូវស្វែងយល់ និងតាមដានឲ្យជាប់នូវសភាពការនិងនិន្នាការភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចសកល ដែលវិវឌ្ឍឥតឈប់ឈរ។
នាំមកជាមួយនាពេលនោះ ប្រតិភូក្រសួងបរិស្ថាន បាននាំយកអំណោយសម្ព័ន្ធមេត្រីភាព ជូនទីបញ្ជាការដ្ឋានយោធភូមិភាគទី១ ដែលរួមមាន រថយន្ត Ford Transit ចំនួន ១គ្រឿង ម៉ូតូ Suzuki Smash V ចំនួន ៥គ្រឿង និងគ្រឿងឧបភោគបរិភោគ ជូនទីបញ្ជាការដ្ឋានយោធភូមិភាគទី១ ផងដែរ។
គួរបញ្ជាក់ថា អញ្ជើញចូលរួមជាគណៈធិបតីនាឱកាសនោះ រួមមាន ឯកឧត្តម ស្វាយ សំ អ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ឧត្តមសេនីឯក ហួត ឈាង មេបញ្ជាការងកងទ័ពជើងគោក និងជាមេបញ្ជាការទីបញ្ជាការដ្ឋានយោធភូមិភាគទី១ រួមនឹងថ្នាក់ដឹកនាំក្រសួងបរិស្ថានជាច្រើនរូប៕