(ភ្នំពេញ)៖ អមដោយលិខិតបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជាមានមាសសុទ្ធរហូតដល់ទៅ ៣៦.៥តោន មិនមែន ៣០តោនដូចការប្រកាសរបស់សម្តេចនាពេលកន្លងទៅនោះទេ។
បើតាមសម្តេចតេជោ ហ៊ុន សែន ការបញ្ជាក់ពីរឿងចំនួនមាសនេះ ដើម្បីឆ្លើយតបទៅនឹងការលើករបស់មនុស្សមួយចំនួនតូច ដែលបានវាយប្រហាររាជរដ្ឋាភិបាលថា យកមាសនេះទៅលក់ដោះស្រាយបញ្ហាជាតិបង្កដោយជំងឺកូវីដ១៩។
តាមរយៈទំព័រ Facebook នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ដើម្បីច្បាស់ពីមាស សូមមើលការពន្យល់របស់ធានាគារជាតិកម្ពុជានោះ បងប្អូនប្រាកដជាយល់ និងអបអរសាទរជាមួយទុនបម្រុងរបស់ជាតិយើងដែលកើនឡើងជាលំដាប់។ ប្រហែលមួយឆ្នាំមុនខ្ញុំធ្លាប់ប្រកាសថា មាសរបស់យើងមាន ៣០តោនតែតាមតួលេខថ្មីនេះ មាសរបស់យើងមានដល់៣៦.៥តោន។ នេះមិនមែនជាមាយាទស្រីកញ្ជើធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ»។
យោងតាមសេចក្តីបំភ្លឺរបស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា មាសដែលជាកេរ្តិ៍មរតកតាំងពីមុនសម័យសង្គ្រាមនេះ ចំនួន ១២.៤តោន កំពុងរក្សាទុកនៅប្រទេសស្វីស, ១៤.១តោន កំពុងវិនិយោគនៅធនាគារកណ្តាលអង់គ្លេស ហើយមាស ១០តោន ត្រូវបានរក្សាទុកនៅកម្ពុជា។
ក្នុងសេចក្តីបំភ្លឺរបស់ធានាគារជាតិ ក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្នកម្ពុជា ក៏មានទុនបម្រុងអន្តរជាតិប្រមាណជា ១៩.៥ប៊ីលានដុល្លារផងដែរ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២០។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងថា រាជរដ្ឋាភិបាលរបស់សម្តេចមិនមែនជារាជរដ្ឋាភិបាលកញ្ជើធ្លុះនោះឡើយ ហើយតែងតែខិតខំសន្សំប្រាក់ ដើម្បីបំពេញការចំណាយរបស់ជាតិ។ សម្តេចតេជោ ក៏ធ្លាប់បានបញ្ជាក់ដែរថា បច្ចុប្បន្នទោះបីយាយីពីជំងឺកូវីដ១៩យ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលនៅមានចំណូលពីពន្ធដារ និងគយ សម្រាប់ការចំណាយចរន្តផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ផងដែរថា ទោះបីរាជរដ្ឋាភិបាលអត់ចំណូលពេញមួយឆ្នាំ ក៏រាជរដ្ឋាភិបាលនៅតែមានប្រាក់សម្រាប់បើកបៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធផងដែរ។
សូមបញ្ជាក់ផងដែរថា ក្នុងកំលុងពេលកម្ពុជារងការរាតត្បាតពីជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបញ្ចេញថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ជួសជុលការខូចខាតសេដ្ឋកិច្ច, ឧបត្ថម្ភដល់កម្មករ និយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ប្រមាណ ១៧ម៉ឺននាក់ ម្នាក់ៗ ៤០ដុល្លារក្នុងមួយខែ ព្រមទាំងឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រកម្រិត១ និង២ ប្រមាណ ៦១ម៉ឺនគ្រួសារ ស្មើនឹងថវិកាប្រមាណ ២៨លានដុល្លារអាមេរិកក្នុងមួយខែ។