ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារការប្រកួតពាន់រង្វាន់ជើងឯកវិទ្យាល័យលើកទី២ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៣ និងការផ្សព្វផ្សាយគោលការណ៍សាលាមេត្រីភាពបរិស្ថាន ដល់សាលារៀនទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន។
——————————–
ក្នុងនោះដែរឯកឧត្តម បានលើកឡើងថា ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ យុវជន និងកីឡា ជាពិសេសវិស័យកីឡាបាល់ទាត់ និងសាលាមេត្រីភាពបរិស្ថាន ត្រូវមានការចូលរួមសហការពីគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ក្នុងកាគៀរគរធនធាន ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់សាលារៀន។ ឯកឧត្តម បន្ថែមថា លោកនឹងខិតខំស្វះស្វែងរកថវិកា និងដៃគូនានា ក្នុងការចូលរួមអភិវឌ្ឍសាលារៀន រួមមាន៖ ការរៀបចំតារាងបាល់ទាត់ បាល់បោះ វាយសី និងការបំពាក់ម៉ាស៊ីនចម្រោះស្អាត ការសាងសង់បង្គន់អនាម័យស្តង់ដា និងការដាំកូនឈើ។
គួររំលឹកដែរ តាមរយៈ ស.ស.យ.ក រាជធានីភ្នំពេញ និងក្រសួងបរិស្ថាន បានរៀបចំពានរង្វាន់ជើងឯកវិទ្យាល័យចំនួន ២លើក ការបំពាក់ម៉ាស៊ីនចម្រោះទឹកស្អាតចំនួន ៤៥គ្រឿង ការសង់បន្ទប់ទឹកចំនួន ១០ខ្នង និងផ្តល់កូនឈើដាំចំនួន ៥០៦០ដើម ដល់សាលារៀនក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមបុព្វហេតុ និងបេសកកម្មរបស់ខ្លួននិងចូលរួមគាំទ្រ និងអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។