(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងជំរុញបន្ថែមក្នុងការផ្សព្វផ្សាយ ដើម្បីពន្លឿនក្នុងការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ជូនដល់ប្រជាពលរដ្ឋទាំង២ភេទ ដែលគ្រប់អាយុ១៥ឆ្នាំ និងសម្រាប់ប្រពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាព និងសល់សុពលភាពត្រឹម ៩០ថ្ងៃហួសសុពលភាព ហើយនគរបាលនឹងសហការជាមួយមេភូមិ និងចៅសង្កាត់ចុះធ្វើជូនពលរដ្ឋដល់ផ្ទះតែម្តង។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការ អធិការរង ទទួលផ្នែកស្ថិតិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា «មន្ត្រីជំនាញកំពុងរៀបចំផែនការ អាចនឹងឆាប់ផ្តើមក្នុងអាទិត្យនេះ ឬក៏អាទិត្យក្រោយ ហើយការចុះធ្វើអត្តសញ្ញាបណ្ណនេះ គឺធ្វើនៅទូទាំងរាជធានីភ្នំពេញ ដើម្បីជំរុញ ដើម្បីពន្លឿនយុទ្ធនាការនៃការធ្វើអត្តសញ្ញាណបណ្ណជូនដល់ប្រជាពលរដ្ឋដែលគាត់គ្រប់អាយុ១៥ឆ្នាំ ក៏ដូចជាអ្នកកាន់អត្តសញ្ញាណបណ្ណហួសសុពលភាព ឬក៏ខ្វះ៩០ថ្ងៃហួសសុពលភាព»។
ជាកិច្ចចាប់ផ្តើមលោកស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម និងលោកនាយការិយាល័យអត្តសញ្ញាណកម្មសញ្ញាតិខ្មែរ បានអានរបាយការណ៍រាយការណ៍អំពីលទ្ធផលការងារដែលអនុវត្តបាននាពេលកន្លង បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅសម្រាប់អនុវត្តបន្ត ដើម្បីសម្រេចការងារតាមផែនការដែលបានកំណត់។ ជាមួយគ្នានេះ ក៏មានការចូលរួមយោបល់ពីលោកស្នងការរង លោកអធិការ និងអធិការរង ទទួលលើការងារស្ថិតិផងដែរ។
នៅក្នុងកិច្ចប្រជុំនោះឧត្តមសេនីយ៍ឯក ស ថេត បានកោតសរសើរដល់មន្ត្រីទាំងអស់ ដែលបានខិតខំបំពេញ តួនាទីភារកិច្ចកន្លងមកក្នុងការបម្រើ និងផ្តល់សេវាសាធារណៈចំបាច់ផ្សេងៗដល់ប្រជាពលរដ្ឋបានយ៉ាងល្អ ជាពិសេស លោកស្នងការ បានផ្តល់ការណែនាំដល់មន្ត្រីទទួលការងារអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទាំងអស់ ត្រូវរៀបចំធ្វើជាតារាងផែនការ ម៉ោងវេលាទីកន្លែងឱ្យច្បាស់លាស់ ដោយចាប់ផ្តើមធ្វើយុទ្ធនាការចុះធ្វើអត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋ ដល់តាមភូមិ និងតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងករណីមានប្រជាពលរដ្ឋសួរនាំផ្សេងៗ មន្ត្រីពាក់ព័ន្ធត្រូវមានការបញ្ជាក់ហេតុផលឱ្យបានច្បាស់លាស់ និងសមរម្យជាមួយប្រជាពលរដ្ឋ មន្ត្រីត្រូវណែនាំប្រជាពលរដ្ឋ ឱ្យបានយល់ច្បាស់ នៅពេលគាត់សុំកែអក្សរឡាតាំង ថ្ងៃ ខែ ឆ្នាំកំណើត គឺត្រូវផ្តោតសំខាន់លើសំបុត្រកំណើត មិនមែនកែតាមការចង់នោះទេ។ មួយវិញទៀត ការធ្វើអត្តនេះត្រូវការពេលវេលារយៈពេល ៤៥ថ្ងៃ គិតចាប់ពីថ្ងៃបំពេញឯកសារ និងថតរូប។
លោកស្នងការ ក៏បានដាក់បទបញ្ជា និងណែនាំដល់ការិយាល័យជំនាញ អធិការខណ្ឌ ប៉ុស្តិ៍ ពង្រឹងបន្ថែមលើការល្បាត ដើម្បីបង្ការទប់ ស្កាត់ បទល្មើស លួច ឆក់ ប្លន់ ជាពិសេសត្រូវស្រាវជ្រាវបង្ក្រាប កំណត់មុខសញ្ញាដែលប្រព្រឹត្ត បទល្មើស ដែលនៅសេសសល់ឱ្យបាន។ ម្យ៉ាងទៀតត្រូវអនុវត្តជាប្រចាំ ក្នុងការបង្ក្រាប ក្រុមក្មេងទំនើង ដែលតែងតែបង្កបញ្ហា ធ្វើឱ្យប៉ពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។
លោកស្នងការ បានណែនាំដល់លោក លោកស្រីស្នងការរង ទទួលការងារដឹកនាំតាមបណ្តាអធិការខណ្ឌ សូមជួយសហការចុះត្រួតពិនិត្យ របៀបរបបការងារទូទៅ ជាពិសេសត្រូវត្រួតពិនិត្យ និងណែនាំឱ្យមន្ត្រីទាំងអស់ត្រូវ យកចិត្តទុកដាក់ខ្ពស់ លើការថែទាំអគារថ្មីដែលទើបសាងសង់ ជាពិសេសកន្លែងធ្វេីការទាំងអស់ត្រូវតែមានផាសុខភាព រក្សាអនាម័យឱ្យបានល្អ។
មួយវិញទៀតឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំដល់អធិការដ្ឋាននគរបាលខណ្ឌទាំងអស់ ត្រូវចូលរួមសហការគ្នាឱ្យបានល្អជាមួយការិយាល័យចរាចរណ៍ផ្លូវគោក ដេីម្បីសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ប្រជាពលរដ្ឋ ដេីម្បីកុំឱ្យមានការកកស្ទះ៕