(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងក្រើនរំលឹក និងជំរុញឱ្យមន្ដ្រីយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈទាំងសេវាតម្រូវការ សេវាចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋ ឱ្យបានលឿនរហ័ស និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំលុបបំបាត់ឱ្យអស់នូវភាពអសកម្មនានា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងជំនួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ ជាង៣ពាន់នាក់ នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
ជំនួបសំណេះសំណាលដើម្បីពង្រឹងស្មារតីឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចការងារលេចធ្លោរបស់រាជរដ្ឋាភិបាល ដែលបានសម្តេចបាន។ ការងារដែលលេចធ្លោនោះ មានដូចជាការប្រឹងប្រែងរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងស្ថេរភាពនយោបាយ ដែលធាតុដ៏ចាំបាច់សម្រាប់កិច្ចកសាងសង្គមជាតិ និងការរស់នៅដោយសុខសាន្តរបស់ប្រជាពលរដ្ឋ។
បន្ថែមពីលើនោះការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ជាពិសេសដាក់ចេញនូវយុទ្ធសាស្ត្រវ៉ាក់សាំងស្រោចជូនប្រជាពលរដ្ឋ បង្កើតភាពស៊ាំបានយ៉ាងល្អ ក៏ជាជោគជ័យនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជាផងដែរ។
ជោគជ័យរបស់រាជរដ្ឋាភិបាល ដែលសម្តេចតេជោ បានគូសរំលេចនោះ ក៏រួមមាន ការរក្សាបានកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងដោះស្រាយឆ្លើយតបទៅនឹងគ្រោះមហន្តរាយបានទាន់ពេលវេលា។ ជាពិសេស ពេលមានគ្រោះទឹកជំនន់កើតឡើង។
ទន្ទឹមនឹងលើកបង្ហាញសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលសម្រេចបាន សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចនូវភាពអវិជ្ជមានមួយចំនួនរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ ដែលនាំដល់ការថ្នាំងថ្នាក់ចិត្តរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ក្នុងនោះការផ្តល់សេវាសាធារណៈនៅតែជារឿងចម្បងមួយ អាចបង្កការមិនសប្បាយចិត្តដល់ប្រជាពលរដ្ឋ។
ក្នុងន័យនេះសម្តេចតេជោ បានណែនាំដល់មន្ត្រី អាជ្ញាធរ និងសមត្ថកិច្ចនៅតាមមូលដ្ឋាន ដែលមានតួនាទីភារកិច្ចលើការផ្តល់សេវាជូនប្រជាពលរដ្ឋនោះ ត្រូវប្រឹងប្រែងយកចិត្តទុកដាក់លើការងារនេះ ដោយលុបបំបាត់រាល់ភាពអសកម្ម។
ក្រៅតែពីបញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស។ លើការដោះស្រាយបញ្ហានេះ សម្តេចតេជោ បានលើកទឹកចិត្តឱ្យប្រើប្រាស់យន្តការក្រៅប្រព័ន្ធតុលាការ។
ក្នុងជំនួបសំណេះសំណាលដែលមានរយៈពេលប្រមាណជា៣ម៉ោងនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកដល់មន្ដ្រីទាំងអស់ ត្រូវរួមគ្នាបន្តការទប់ស្កាត់ជំងឺកូវីដ១៩ និងជំងឺរាតត្បាតនានា យកចិត្តទុកដាក់ដោះស្រាយបញ្ហាលក់ដូររបស់ប្រជាជនដែលកើតមានឡើងនៅតាមផ្សារ បញ្ហាចរាចរណ៍ បញ្ហាទឹក ភ្លើង។ល។ លើសពីនេះសម្ដចតេជោ បានជំរុញឲ្យមានការខិតខំដោះស្រាយបញ្ហាជម្លោះរវាង កម្មករ ជាមួយរោងចក្រ ឬបុគ្គលិកក្រុមហ៊ុន ជាមួយក្រុមហ៊ុន និងលើកទឹកចិត្តឲ្យអាជ្ញាធរព្យាយាមដោះស្រាយបញ្ហាជម្លោះរបស់ប្រជាពលរដ្ឋតាមបែបក្រៅប្រព័ន្ធតុលាការ។
សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់ សមាជិក សមាជិកាគណបក្សទាំងអស់ដែលមានតួនាទីនៅរាជរដ្ឋាភិបាល ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ៕