(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ខួបលើកទី ៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយអាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រឹត្តិការណ៍រាត្រីសមោសរ សប្បុរសធម៌ នៅបរិវេណប្រាសាទបាយ័ន ដើម្បីស្វែងរកថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។
កម្មវិធីនេះនឹងប្រារព្ធរៀបចំឡើងនៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ៦៖៣០ នាទីយប់។ នេះបើតាម លោកបណ្ឌិត ហ៉ី វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
លោកបញ្ជាក់ថា «នៅលើទឹកដីដ៏ពិសិដ្ឋ ទីតាំងដ៏ស្រស់ត្រកាលនាបរិវេណប្រាសាទបាយ័នដែលជាទីតាំងស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ មានព្រះកេសចំនួន៥៤ និងព្រះភ័ក្ត្រព្រហ្មចំនួនបួនតំណាងឱ្យព្រហ្មវិហារធម៌ដ៏ប្រពៃនោះ សូមអញ្ជើញពុកម៉ែបងប្អូនមកទទួលយកអារម្មណ៍ដ៏អស្ចារ្យ ពិសាអាហារដ៏មានឱជារស ទស្សនាសិល្បៈ វប្បធម៌បុរាណខ្មែរ ក្រោមបរិយាកាសបែបធម្មជាតិ ក្នុងទស្សនីយភាពបែបប្រពៃណីបុរាណខ្មែរយើង។ ជាពិសេសចំពោះថវិកាដែលប្រមូលក្នុងព្រឹត្តិការណ៍នេះ នឹងយកទៅជួយដល់កុមារទាំងឡាយដែលកំពុងព្យាបាលនៅមន្ទីពេទ្យ គន្ធបុប្ផាផងដែរ»។
លោកបន្ថែមថា កម្មវិធីនេះ ក៏ឲ្យលោកអ្នកទទួលបានសុខទាំងកាយ សប្បាយអារម្មណ៍ សន្សំបុណ្យជាមួយកុមារកម្ពុជា ! សូមកុំបណ្តោយឱ្យឱកាសដ៏កម្រនេះ ក្លាយជាវេលាដែលរសាត់បាត់ទៅប្រៀបដូចជាផ្សែងរសាត់តាមខ្យល់ គ្មានអ្នកខ្វល់ គ្មានអ្នកនឹកនា ៕