បាល់ទាត់៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានក្លាយជាកីឡាករទី១ ដែលស៊ុតបញ្ចូលទីនៅ ៥ព្រឹត្តិការណ៍ World Cup ផ្សេងគ្នាស្របពេលដែលព័រទុយហ្កាល់យកឈ្នះហ្កាណា ៣-២ នៃការប្រកួតដំបូងក្នុងពូល H។ នេះជាការចូលលេងលើកដំបូងសម្រាប់ Ronaldo បន្ទាប់ពីមានរឿងចម្រូងចម្រាសជាមួយក្លិបបិសាចក្រហម Manchester United តាមរយៈការធ្វើកិច្ចសម្ភាសន៍ជាមួយលោក Piers Morgan។
កីឡាករវ័យ ៣៧ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីគ្រាប់នាំមុខនៅនាទីទី៦៥ ដែលជាបាល់ពិន័យ ១១ម៉ែត្របន្ទាប់ពីការប្រកួតវគ្គទី១ គ្មានក្រុមណាស៊ុតបញ្ចូលទី។ Andre Ayew ៨នាទីក្រោយមកក៏តាមស្មើវិញឱ្យហ្កាណា តែព័រទុយហ្កាល់ក៏នាំមុខសាជាថ្មីដោយ Joao Felix មុនពេលដែល Rafael Leao ស៊ុតធានាជ័យជំនះនៅនាទីទី៨០។ ហ្កាណាក៏តាមបានមួយគ្រាប់វិញដែរនៅចុងម៉ោងនាទីទី៨៩ ដោយ Osman Bukari។ ជ័យជំនះនេះធ្វើឱ្យព័រទុយហ្កាល់ទទួលបានបីពិន្ទុឈរលើគេក្នុងពូល H នេះ៕