(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា បានផ្តល់នូវទស្សនៈសំខាន់ៗចំនួន ៥ចំណុច ដើម្បីឈានដល់ការសម្រេចបាននូវគោលបំណងនៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និងការសម្រេចបានគោលដៅ «កម្ពុជាគ្មានមីន» នៅត្រឹមឆ្នាំ២០២៥។
នៅក្នុងបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវទស្សនៈសំខាន់ៗ ចំនួន៥ចំណុចរួមមាន៖
១៖ សូមបន្តកិច្ចសហប្រតិបត្តិការគាំទ្ររបស់ដៃគូអភិវឌ្ឍ ប្រទេសជាមិត្ត វិស័យឯកជន និងសប្បុរសជន ទាំងផ្នែក បច្ចេកទេស ថវិកា និងសម្ភារៈ ក្នុងបេសកកម្មបោសសម្អាតមីននៅកម្ពុជា ដើម្បីឈានដល់ការសម្រេចបាននូវគោលបំណងនៃ ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និងការសម្រេចបានគោលដៅ «កម្ពុជាគ្មានមីន» នៅត្រឹមឆ្នាំ២០២៥។
២៖ ក្រសួង-ស្ថាប័នដែលមានគម្រោងអភិវឌ្ឍថ្នាក់ជាតិពាក់ព័ន្ធនឹងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះត្រូវសហការជាមួយអាជ្ញាធរមីន ដើម្បីកំណត់វិធីសាស្ត្របោសសម្អាតមីនសមស្រប និងមានប្រសិទ្ធភាព ដើម្បីធានាឱ្យបានថា ប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ អនុលោមទៅតាមបទប្បញ្ញត្តិ គុណភាព សុវត្ថិភាព និងស្តង់ដារនៃការបោសសម្អាត ។
៣៖ ខ្ញុំសូមលើកទឹកចិត្តដល់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធឱ្យបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវា សុខាភិបាល និងព្យាបាលជំងឺដោយឥតគិតថ្លៃ ប្រកបដោយវិជ្ជាជីវៈដល់ប្រតិបត្តិករបោសសម្អាតមីន។
៤៖ អាជ្ញាធរមីនត្រូវកែសម្រួលឯកសារគតិយុត្ត និងធ្វើសុខដុមនីយកម្មរចនាសម្ព័ន្ធនៃការគ្រប់គ្រងសកម្មភាពមីន ដើម្បីដោះស្រាយបញ្ហាគំរាមដោយមីន និងសំណល់ជាតិផ្ទុះ និងត្រូវបន្តអនុវត្ត «យន្តការភូមិអស់មីន» ឱ្យបានជោគជ័យ។
៥៖ ខ្ញុំសូមលើកទឹកចិត្តប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ បង្កើនកិច្ចសហការជាមួយអាជ្ញាធរមីន ក្នុងការពង្រឹងបន្ថែមលើការងារគ្រប់គ្រងវិស័យ សកម្មភាពមីន និងការបញ្ជូនកម្លាំងដែលជាជនជាតិខ្មែរ ក្នុងវិស័យសកម្មភាពមីនទៅក្រៅប្រទេស ព្រមទាំងត្រូវធ្វើការសិក្សាតាមលក្ខណៈបច្ចេកទេស ជាក់ស្តែងអំពីលទ្ធភាពកាត់បន្ថយផ្ទៃដី ដែលមានការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះ សំដៅធានាសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធផល នៃការអនុវត្តការងារដ៏មានសារៈសំខាន់នេះ៕
សូមបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រទេសរងគ្រោះ រាជរដ្ឋាភិបាល ពុំបានព្រងើយកន្ដើយក្នុងបោសសំអាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនោះរាជរដ្ឋាភិបាល បានចូលរួមថវិកាដោយផ្ទាល់ ផ្ដល់ដល់សកម្មភាពមីន។ ដោយគិតមកដល់ពេលនេះ កម្ពុជាបានឈានដល់ការប្រកាសខេត្ត-រាជធានីចំនួន ៥គ្មានមីន រួមមាន៖ ខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ និងព្រះសីហនុ។
ក្នុងរយៈពេលជាង ៣០ឆ្នាំនេះ រាជរដ្ឋាភិបាល បានផ្ដល់ថវិកាជាង២០០លានដុល្លារអាមេរិក សម្រាប់ចូលរួមក្នុងការងារសកម្មភាពមីននៅកម្ពុជា ព្រមទាំងទ្រទ្រង់ដល់ដំណើរការស្ថាប័ន និងការត្រួតពិនិត្យតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ៕