(សៀមរាប)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានជួបជាមួយសមភាគីចិនរបស់លោក គឺលោក វ៉ី ហ្វឹងហឺ (Wei Fenghe) ហើយ នៅថ្ងៃអង្គារនេះ ក្នុងប្រទេសកម្ពុជា ខណៈភាគីទាំង២កំពុងព្យាយាមរក្សាភាពតានតឹងឱ្យស្ថិតនៅក្រោមការគ្រប់គ្រង។ នេះបើតាមភ្នាក់ងារអង្គភាពសារព័ត៌មាន Fresh News រាយការណ៍ចេញពីខេត្តសៀមរាប នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។
ជំនួបខាងលើធ្វើឡើងនាឱកាសដែលប្រមុខការពារជាតិទាំង២ ចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលរៀបចំឡើងនៅឯខេត្តសៀមរាប ហើយដែល នេះគឺជាជំនួបទល់មុខលើកដំបូងបំផុតរវាងលោក អូស្ទីន និងលោក ហ្វឹងហឺ ចាប់តាំងពីខែមិថុនា ពោលគឺនៅមុនប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បំពេញទស្សនកិច្ចនៅតៃវ៉ាន់ ដោយបង្កឱ្យចិនផ្ទុះកំហឹងជាខ្លាំង។
ប៉ុន្តែចាប់តាំងពីពេលនោះមកដែរ ចិន និងសហរដ្ឋអាមេរិក បានសាកល្បងបន្ធូរបន្ថយភាពតានតឹង តាមរយៈការរៀបចំជំនួបរវាងមន្ត្រីកំពូលៗរបស់ខ្លួន រហូតដល់មាន ការរៀបចំជំនួបទល់មុខរវាងលោកប្រធានាធិបតី ចូ បៃដិន និងលោកប្រធានាធិបតី ស៊ី ជិនពីង នៅកិច្ចប្រជុំកំពូល G20 នៅឥណ្ឌណេស៊ីកាលពីសប្ដាហ៍មុន ខណៈ លោក ស៊ី ជិនពីង ក៏បានជួបជាមួយអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីសផងដែរនៅឯកិច្ចប្រជុំ APEC ក្នុងទីក្រុងបាងកកប្រទេសថៃ។
បើតាមមន្ត្រីសេតវិមានម្នាក់ លោកស្រី ហារីស បានបញ្ជូនសារបន្ថែមរបស់លោក ចូ បៃដិនថា ចិន និងសហរដ្ឋអាមេរិកត្រូវតែរក្សាការបើកចំហនូវការទាក់ទងគ្នា ដើម្បី គ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសទាំង២ កុំឱ្យប្រែក្លាយជាទៅជាជម្លោះ។ ចំណែកឯ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ក៏បានសង្កត់ធ្ងន់ដោយស្រង់សម្ដីលោក ស៊ី ជិនពីង ដែរថាជំនួបរវាងលោក ជាមួយលោក បៃដិន គឺប្រព្រឹត្តទៅដោយលក្ខណៈស្ថាបនា និងយុទ្ធសាស្ត្រដែលមានសារៈសំខាន់ចំពោះទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក នៅដំណាក់កាលបន្ទាប់៕