(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងថា ចាប់តាំងពីចូលជាសមាជិកអាយប៉ាក្នុងឆ្នាំ១៩៩៩មក សភាកម្ពុជាពិតជាមានមោទនភាព ដែលបានចូលរួមចំណែកជាផ្នែកមួយនៃអាយប៉ា ដើម្បីកសាងសន្តិភាព និងវិបុលភាពដល់សហគមន៍អាស៊ានទាំងមូល។
ថ្លែងនៅក្នុងឱកាសបើកមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ (AIPA-43) នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា សភាកម្ពុជាបានធ្វើដំណើរជាមួយអាយប៉ាលើផ្លូវដ៏ឆ្ងាយកន្លងមក ព្រមទាំងបានប្តេជ្ញាចិត្តនឹងបន្តដំណើរជាមួយអាយប៉ា ដើម្បីកសាងសន្តិភាព និងវិបុលភាពដល់សហគមន៍អាស៊ានទាំងមូល។
បើតាមសម្តេច សាយ ឈុំ, គ្រាដែលយើង កំពុងងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់ដែលកើតចេញពីវិបត្តិកូវីដ-១៩ ដែលរួមមានភាពអាសន្ននៃការប្រែប្រួលអាកាសធាតុ ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ អតិផរណាខ្ពស់នាំឲ្យតម្លៃនៃការរស់នៅកើនឡើងខ្ពស់ កង្វះខាតថាមពល ដែលនាំឲ្យកំណើនវិសមភាពក្នុងសង្គម និងអត្រាភាពក្រីក្រកាន់តែអាក្រក់។ បញ្ហាទាំងអស់នេះ ប្រសិនបើមិនត្រូវបានដោះស្រាយទាន់ពេលវេលានោះទេ ប្រាកដជានឹងបន្ទុចបង្អាក់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់យើង ព្រមទាំងបង្កការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
សម្តេច សាយ ឈុំ បន្តថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ យើងត្រូវធានាថា សហគមន៍អាស៊ានរបស់យើងមានចីរភាព បរិយាប័ន្ន និងភាពធន់។ អាស្រ័យហេតុដូចនេះហើយ មូលបទនៃមហាសន្និបាតអាយប៉ាលើកទី៤៣ នេះគឺ «បោះជំហានជាមួយគ្នាដើម្បីចរីភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។ មូលបទនេះគូសបញ្ជាក់ប្រឈមជាអាទិភាពជាច្រើនកំពុងទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីយើងទាំងអស់គ្នាអំពីភាពចាំបាច់របស់យើងទាំងអស់គ្នាក្នុងការធ្វើសកម្មភាពរួមគ្នា ក្នុងស្មារតីឯកភាពអាស៊ាន ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមរួមរបស់យើង។ ភាពជាដៃគូសភារបស់យើងត្រូវតែពង្រឹងពង្រីកបន្ថែមទៀត ដើម្បីឲ្យយើងសម្រេចបាននូវសហគមន៍អាស៊ានដែលអាចផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនរបស់យើងទាំងអស់គ្នាក្នុងជំនាន់នេះ និងជំនាន់ក្រោយៗទៀត។
សម្តេច សាយ ឈុំ បានថ្លែងទៀតថា យើងទាំងអស់គ្នា សមាជិកសភាអាយប៉ា ត្រូវចាប់យកឱកាសនេះ ដើម្បីធ្វើសកម្មភាព តាមរយៈភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសភារបស់យើង ជាកម្លាំងរួម ដើម្បីសម្រេចបានផលប្រយោជន៍រួម តាមរយៈអាយប៉ា យើងត្រូវជំរុញសហថាមពលកាន់តែខ្លាំងក្លាជាមួយរដ្ឋាភិបាល ដើម្បីជំរុញការស្តារឡើងវិញប្រកបដោយចីរភាព គាំទ្រដល់ការអភិវឌ្ឍន៍ដើម្បីប្រជាជន និងផ្ដោតលើប្រជាជន ដោយមិនទុកនរណាម្នាក់ចោល និងកសាងសង្គមប្រកបដោយភាពធន់ ដែលអាចត្រៀមខ្លួនទប់ទល់ នឹងវិបត្តិនាពេលអនាគត៕