តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាព នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម វឿង ឌីញ ហ្វេ ( H.E.Mr Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព រយៈពេល ៥ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា គឺចាប់ពីថ្ងៃទី១៩ ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាន រដ្ឋសភា ។
ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្ដម វឿង ឌីញ ហ្វេ នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមក៏នឹងចូលជួបសម្ដែងការគួរសមជាមួយ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។