(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នាវាស្វ័យការពារជប៉ុន ១គ្រឿង បានចូលចតកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកកម្ពុជា-ជប៉ុន។
នាឱកាសនេះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក អ៉ិន សុខេមរ៉ា នាយសេនាធិការរងមូលដ្ឋានសមុទ្រ បានចូលជួបសម្តែងការគួរសម្យ និងទទួលនូវការចូលចតនៃនាវាពិឃាតកងស្វ័យការពារជើងទឹកជប៉ុន ១គ្រឿង មានឈ្មោះ JS HARUSAME (DD.102) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាពក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា។
នាយសេនាធិការរងមូលដ្ឋានសមុទ្រ បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ថា លោកបានដឹកនាំកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ទៅទទួលស្វាគមន៍វត្តមានពីការចូលចតរបស់នាវាពិឃាតកងស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកទាំងពីរកម្ពុជា-ជប៉ុន។
នាវាពិឃាតកងស្វ័យការពារជើងទឹកជប៉ុន មានឈ្មោះ JS HARUSAME (DD.102) ដឹកនាំដោយលោកវរនាវីឯក KUDO MASANORI មេបញ្ជាការកងស្វ័យការពារជើងទឹកជប៉ុនតំបន់២។ ចំណែកឯលក្ខណៈបច្ចេកទេសរបស់នាវាជាប្រភេទនាវាពិឃាដខាងលើ មានបណ្ដោយ១៥១ម៉ែត្រ ទទឹង១៧.៤ម៉ែត្រ, ជម្រៅទឹក៥.២ម៉ែត្រ ទម្ងន់ផ្ទុក ៤.៥៥០តោន មាននាវិកសរុបចំនួន២០៥នាក់ ដែលដឹកនាំដោយលោកមេបញ្ជាការនាវាលោកវរនាវីទោ Ban Masayuki។
សូមជម្រាបថា ឆ្នាំ២០២២នេះ គឺខួប៣០ឆ្នាំ នៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជប៉ុន មកកាន់ប្រទេសកម្ពុជា ហើយបើគិតចាប់ពីឆ្នាំ២០០០ រហូតមកដល់ពេលបច្ចុប្បន្ននេះ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលស្វាគមន៍នាវាស្វ័យការពារជើងទឹកជប៉ុន ចំនួន ១៣លើក ស្មើនឹង ២៨គ្រឿង៕