ភ្នំពេញ)៖ ជាលទ្ធផល ផលិតកម្ម កសិកម្មទាំងស្បៀងអាហារ និងមិនមែនស្បៀងអាហារ មានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាកសិករមួយ ចំនួនកំពុងជួបបញ្ហាទីផ្សារលក់ផលិតផលទាំងនោះ។ ដើម្បីជួយដោះស្រាយបញ្ហាទាំងនេះ ក្រសួងកសិកម្ម សូមធ្វើការណែនាំដល់នាយកកម្មវិធី ប្រធានអង្គភាពក្រោម ឱវាទក្រសួង និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្ត ឱ្យអនុវត្តជាបន្ទាន់នូវវិធានការចាំបាច់មួយ ចំនួនបន្ថែមទៀតដូចខាងក្រោម៖
១៖ ត្រូវរៀបចំបង្កើតបន្ថែមនូវបណ្ដុំអាជីវកម្មកសិកម្ម ក្រុមកសិករផលិត និងសហគមន៍កសិកម្ម ឱ្យបានកាន់ តែច្រើនឡើងថែមទៀត ក្នុងន័យបង្កើនបានពេញលេញ នូវសមត្ថភាពផ្គត់ផ្គង់ ជាពិសេសបង្កើននូវសមត្ថភាពចរចាថ្លៃ ជាមួយអ្នកប្រមូលទិញផលិតផលកសិកម្ម ដែលវិធានការនេះនឹងលើកទឹកចិត្តប្រជាកសិករ ឱ្យធ្វើការដាំដុះដំណាំស្បៀង ការចិញ្ចឹមសត្វ និងវារីវប្បកម្មកាន់តែសកម្ម និងមិនមានការព្រួយបារម្ភអំពីបញ្ហាទីផ្សារ។
២៖ ត្រូវខិតខំបន្តទៀតនូវផែនការផលិត របស់ក្រុមបណ្ដុំអាជីវកម្មកសិកម្ម ក្រុមកសិករផលិត និងសហគមន៍ កសិកម្មឱ្យផលិតស្របទៅតាមតម្រូវការ និងពេលវេលាដែលត្រូវចុះ ទៅប្រមូលទិញរបស់ក្រុមហ៊ុន ឬអ្នកប្រមូលទិញ ផលិតផលកសិកម្ម ដែលអាចជៀសវាងបាននូវការផលិតជន់ជោរ និងមិនមានទីផ្សារច្បាស់លាស់។
៣៖ ត្រូវសហការឱ្យបានល្អប្រសើរជាមួយ គ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំបង្កើត និងអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យារវាងក្រុមបណ្ដុះអាជីវកម្មកសិកម្ម ក្រុមកសិករផលិត និងសហគមន៍កសិកម្ម សំដៅផ្គត់ផ្គង់ស្បៀងអាហារ អង្ករ ត្រី សាច់ ប្រកបដោយភាពជឿជាក់ និងមានប្រសិទ្ធភាព។
៤៖ ត្រូវរៀបចំបង្កើតផ្សារកសិករ ឬទីតាំងសមស្របណាមួយ ដែលអាចឱ្យកសិករយកផលិតផលសុវត្ថិភាព មកតាំងលក់ ដើម្បីរួមចំណែកដោះស្រាយបញ្ហាទីផ្សារ ធានាបាននូវការផ្គត់ផ្គង់ និងរក្សាបានតុល្យភាពតម្លៃទីផ្សារ។
៥៖ ត្រូវពិចារណាធ្វើហិរញ្ញប្បទាន និងបណ្ដុះបណ្ដាល ណែនាំផ្សព្វផ្សាយបច្ចេកទេស ឱ្យបានសកម្មដល់ក្រុមបណ្ដុ អាជីវកម្មកសិកម្ម ក្រុមកសិករផលិត និងសហគមន៍កសិកម្ម ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេស និងការគ្រប់គ្រងឱ្យមាន ប្រសិទ្ធភាពខ្ពស់។
៦៖ ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីសម្រួលដល់ ក្រុមបណ្ដុំអាជីវកម្មកសិកម្ម ក្រុមកសិករផលិត និងសហគមន៍កសិកម្ម ឱ្យទទួលបានឥណទានមានអត្រាការប្រាក់ទាប សមរម្យពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងប្រើប្រាស់អគ្គិសនី ក្នុងវិស័យកសិកម្មប្រកបដោយភាពអនុគ្រោះ។
៧៖ រដ្ឋបាលជលផលត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ នូវសំណើសុំនាំចូលផល ផលិតផលជលផលពីបរទេស ដោយមិនត្រូវអនុញ្ញាតឱ្យនាំចូលនូវផល ផលិតផលជលផល ដែលមានការប្រកួតប្រជែងខ្លាំងជាមួយផលផលិតផលវារីវប្បកម្មក្នុងស្រុក៕