ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក ឡត អូស្ទីន (Lioyd Austuin) នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅសប្តាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីការពារជាតិអាស៊ាន(ADMM) និងកិច្ចប្រជុំក្រៅផ្លូវការផ្សេងទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ នៅខេត្តសៀមរាបអង្គរ។ នេះបើតាមការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោកPatrick Murphy ដែលបានជំរាបជូនសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា កាលពីកិច្ចជំនួបនារសៀលថ្ងៃទី១៤ ខែ វិច្ឆិកា កាលពីម្សិលមិញនេះ។
លោកឯកអគ្គរដ្ឋទូតអាមេរិក បានលើកឡើងថា ដូចអ្វីដែលសម្តេចមានប្រសាសន៍ហើយថា កិច្ចការអាស៊ាននៅមិនទាន់បានបញ្ចប់នៅឡើយទេ គឺនៅពេលខាងមុខនេះនឹងមានកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការទៀត ដូច្នេះលោកឯកអគ្គរដ្ឋទូត ក៏សូមយកឱកាសនេះ ជម្រាបជូនដល់សម្ដេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងរាជរដ្ឋាភិបាលកម្ពុជាតែម្ដងថា នៅពេលខាងមុខនេះតបតាមការអញ្ជើញរបស់ក្រសួងការពារជាតិកម្ពុជា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ឡត អូស្ទីន លោកនឹងអញ្ជើញមកកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំ ADMMនេះ និងកិច្ចប្រជុំពាក់ព័ន្ធក្រៅផ្លូវការផ្សេងទៀតនៅទីក្រុងសៀមរាបអង្គរប្រទេសកម្ពុជា។
ក្រសួងការពារជាតិកម្ពុជា នឹងរៀបចំកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន និងកិច្ចប្រជុំក្រៅផ្លូវការផ្សេងទៀត ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ នៅខេត្តសៀមរាប។ បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ប្រមុខការពារជាតិកម្ពុជា បានថ្លែងថា ភាគីកម្ពុជាបានរៀបចំរួចជាស្រេច នៅក្រុមការងារសម្របសម្រួលរៀបចំទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចដល់ប្រមុខដឹកនាំកំពូលការពារជាតិអាស៊ាន និងថ្នាក់ដឹកនាំកំពូលកិច្ចប្រជុំក្រៅផ្លូវការសម្រាប់ការចូលរួមកិច្ចដំណើរ នៃកិច្ចប្រជុំខាងលើនេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងផងដែរថា កិច្ចប្រជុំ ADMM ដែលកម្ពុជានឹងរៀបចំនាពេលសប្តាហ៍ក្រោយនេះ នឹងមានកិច្ចជំនួបរវាងប្រមុខការពារជាតិអាស៊ានជាមួយ រដ្ឋមន្ត្រីការពារជាតិអាមេរិក រុស្សី និងឥណ្ឌាផងដែរ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចជំនួបជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ នេះដែរ ឯកអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy ក៏បានសម្តែងនូវការអបអរសាទរដោយស្មោះអស់ពីដួងចិត្តជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ខណៈកិច្ចប្រជុំនេះបានធ្វើឡើងដោយទម្រង់ផ្ទាល់ ជាលើកទី៣ នៅកម្ពុជា បានដំណើរការទៅយ៉ាងរលូនប្រកបដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជានោះ៕