ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 ត្រូវគេរាយការណ៍ថា កំពុងទប់ស្កាត់ការជួបជុំនៃបណ្ដាមេដឹកនាំពិភពលោកកុំឲ្យវាយប្រហារខ្លាំងលើរុស្ស៊ី ដោយជំរុញឲ្យក្រុមអ្នកនយោបាយលោកខាងលិចទប់កំហឹង ចំពោះការរិះគន់របស់ពួកគេលើទីក្រុង Moscow ដូច្នេះសមាជិកទាំងអស់អាចត្រូវបាននាំយកមក នូវសេចក្តីថ្លែងការណ៍មួយនៅចុងបញ្ចប់នៃព្រឹត្តិការណ៍នេះ។
សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃអាទិត្យដោយសំអាងដល់អ្នកការទូត ៣រូបមិនបញ្ជាក់អត្តសញ្ញាណដែលបានដឹងពីការពិភាក្សានេះថា ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និងក្រុមមន្ត្រីផ្សេងទៀតក្នុងជួររដ្ឋាភិបាលរបស់លោក បានស្នើដល់បណ្ដាមេដឹកនាំលោកខាងលិចឲ្យធ្វើសម្បទានលើព្រំដែន នៃការប្រើប្រាស់វោហារសាស្ត្ររបស់ពួកគេប្រឆាំងនឹងប្រទេសរុស្ស៊ីជុំវិញវិបត្តិអ៊ុយក្រែន។ កិច្ចប្រជុំកំពូលដែលមានរយៈពេល ២ថ្ងៃនឹងចាប់ផ្ដើមនៅថ្ងៃអង្គារ ទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកាស្អែកនេះនៅកោះបាលី ហើយលោកប្រធានាធិបតី Widodo សង្ឃឹមថានឹងរកបានគំនិតរួមគ្នាថា សមាជិកប្រទេសមានឧស្សាហ៍កម្មលូតលាស់ទាំង២០ រួមទាំងរុស្ស៊ី និងចិនអាចព្រមព្រៀងគ្នាលើសេចក្ដីប្រកាសរួមគ្នាមួយ។
លោក Widodo ក៏មានគោលបំណងទប់ស្កាត់ក្រុមប្រទេសនេះកុំឲ្យដើរតាមដាននៃកិច្ចប្រជុំ G8 ផងដែរ ដែលបានដករុស្ស៊ីចេញ និងបានក្លាយជា G7 ក្រោយតំបន់ Crimea បោះឆ្នោតប្រជាមតិក្លាយជាផ្នែកមួយរបស់រុស្ស៊ីក្នុងឆ្នាំ២០១៤។ សេចក្ដីថ្លែងការណ៍របស់ប្រទេសមានឧស្សាហ៍កម្មលូតលាស់ទាំង៧ ឬ G7 កាលពីដើមខែនេះបានថ្កោលទោសរុស្ស៊ី ចំពោះការវាយលុកចូលអ៊ុយក្រែន និងអំពាវនាវឲ្យរុស្ស៊ីដកកម្លាំងរបស់ខ្លួនចេញពីអតីតសហភាពសូវៀតមួយនេះ។ ក្រុមប្រទេសនេះក៏បានចោទប្រកាន់រុស្ស៊ីផងដែរពីបទបង្កឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន និងរិះគន់វិមានក្រឹមឡាំងចំពោះការប្រើវោហារសាស្ត្រនុយក្លេអ៊ែរគ្មានការទទួលខុសត្រូវ៕