(ភ្នំពេញ)៖ ថ្លែងចេញពីរាជធានីភ្នំពេញ ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ចង់ឃើញមានការបង្កើតនូវលក្ខខណ្ឌផ្សេងៗ សម្រាប់ការសន្ទានរវាងរុស្ស៉ី និងអ៊ុយក្រែន ដើម្បីបញ្ចប់បញ្ហាដែលកើតមានឡើង និងឈានទៅរកសន្ដិភាពសម្រាប់ប្រទេសទាំងពីរ។
សន្និសីទសារព័ត៌មានក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានមើលឃើញទៀតថា អ្វីដែលបានកើតមានឡើងនៅអ៊ុយក្រែន គឺជាការបំពាននូវធម្មនុញ្ញបូរណភាពទឹកដីរបស់ប្រទេសមួយ។
អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «អ្វីដែលបានកើតឡើងនៅអ៊ុយក្រែន គឺជាការបំពានធម្មនុញ្ញបូរណភាពទឹកដី។ វាមានសារៈសំខាន់ណាស់ក្នុងការបង្កើតលក្ខខណ្ឌសម្រាប់ការសន្ទនា ហើយចាប់ផ្តើមសម្លឹងមើលទៅអនាគតដើម្បីសន្តិភាព»។ លោកបន្ថែមទៀតថា ការងាររបស់អង្គការសហប្រជាជាតិចំពោះបញ្ហាដែលកើតមានឡើង គឺមានភាពច្បាស់លាស់ក្នុងការខិតខំប្រឹងប្រែងជួយស្វែងរកដំណោះស្រាយ។
សូមរំលឹកថា ការប៉ះទង្កិចគ្នារវាងរុស្ស៉ី និងអ៊ុយក្រែន គឺបានចាប់ផ្ដើមតាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ ក្នុងបានបណ្ដាលឲ្យមនុស្សជាច្រើននាក់បានស្លាប់ និងរងរបួស ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវបានរងនូវការខូចខាតផងដែរ៕