ភ្នំពេញ៖ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ស្នើសុំរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជួយអន្តរាគមន៍ និងការជួយគាំទ្រលើគម្រោងបន្ថែមវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ក្នុងទិសដៅទាក់ទាញការវិនិយោគពីវិស័យឯកជន និងវិនិយោគិនជប៉ុន ចូលមកកម្ពុជាបន្ថែម។
ឯកឧត្តម Masahiro MIKAMI ឯកអគ្ដរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំកម្ពុជា ក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣វិច្ឆិកាកន្លងមក ឯកឧត្តម បានសម្តែងនូវការអបអរសាទដែលរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបាននូវសមិទ្ធិផលថ្មីមួយទៀត គឺការដាក់អនុវត្តជាផ្លូវការ “ក្របខណ្ឌគោលនយោបាយជាតិ ផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥” នេះជាដើម ។
ជាមួយគ្នានេះ, ក្នុងអាណិត្តបំពេញភារកិច្ចការទូតនៅកម្ពុជា, ឯកឧត្តមឯកអគ្គរាជទូត ប្តេជ្ញាខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបន្តការគាំទ្រនូវការផ្តល់ហិរញ្ញប្បទានសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន និងជំនួយបច្ចេកទេស ជាពិសេសជំរុញការអភិវឌ្ឍវិស័យឯកជននានានៅកម្ពុជា។
ក្នុងជំនួបនេះដែរ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ក៏សូមស្នើសុំនូវកិច្ចអន្តរាគមន៍ និងការជួយគាំទ្របន្ថែមទៀត លើគម្រោង វិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ក្នុងទិសដៅទាក់ទាញការវិនិយោគពីវិស័យឯកជន និងវិនិយោគិនជប៉ុនចូលមកកម្ពុជាបន្ថែមទៀត ជាក់ស្តែងក្រុមហ៊ុនតូយ៉ូតាជប៉ុន ដែលនឹងគ្រោងនឹងបើកប្រតិបត្តិការរោងចក្រដំឡើងយានយន្ត (Toyota Vehicle Assembly) នៅកម្ពុជាឆាប់ៗខាងមុខនេះ និងផ្សារ AEON Malls ជាដើម ។
ជាការឆ្លើយតប ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ ចំពោះរាល់គម្រោងវិនិយោគនានា ក្នុងវិស័យឯកជន ជាពិសេសគម្រោងបង្កើតរោងចក្រដំឡើងយានយន្ត របស់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជា ដែលនេះជាការលើកស្ទើយដល់វិស័យវិនិយោគឯកជន និងក៏ជាការផ្តល់នូវទំនុកចិត្តដ៏សំខាន់ទៅដល់វិនិយោគិន មកពីប្រទេសជប៉ុន និងប្រទេសដទៃ ហើយក៏ជាការនាំមកនូវកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនជប៉ុនមកកាន់កម្ពុជា ។
ជារួម រាជរដ្ឋាភិបាលកម្ពុជា គាំទ្រចំពោះផែនការគម្រោងវិនិយោគ និងលើកទឹកចិត្តដល់បណ្តាវិនិយោគិនជប៉ុន និងខិតខំបន្តជំរុញបន្ថែមទៅកាន់ស្ថាប័នពាក់ព័ន្ធ ដើម្បីអាចផ្តល់ឱកាស និងជំរុញបរិយាកាសអំណោយផលវិនិយោគសម្រាប់វិនិយោគិនជប៉ុនបន្ថែមទៀត ។
សូមបញ្ជាក់ថា ក្នុងជំនួបនេះ, ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់លើគម្រោងដែលកំពុងដំណើរការ និងបេក្ខភាពគម្រោងអភិវឌ្ឍន៍ថ្មីៗ ក្នុងក្របខ័ណ្ឌឥណទានសម្បទានពីប្រទេសជប៉ុន (JICA, ODA, Loan) ក្នុងនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើដល់រដ្ឋាភិបាលជប៉ុន បន្តជួយគាំទ្របន្ថែមទៀត ដល់គម្រោងដែលកំពុងដំណើរការ និងបន្តយកចិត្តទុកដាក់ខ្ពស់ ទៅដល់បេក្ខភាពគម្រោងនានា ដើម្បីធានាបាននូវនិរន្តភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់ហិរញ្ញវត្ថុ ឱ្យមានភាពប្រទាក់ក្រឡាជាមួយគោលនយោ បាយ និងយុទ្ធសាស្រ្តពាក់ព័ន្ធ។
ភាគីទាំងពីរបានពិភាក្សា និងប្តេជ្ញាថា នឹងបន្តជំរុញសកម្មភាពពាណិជ្ជកម្ម និងការលើកកម្ពស់ការវិនិយោគពីវិស័យឯកជន ដើម្បីទាក់ទាញអ្នកវិនិយោគិនជប៉ុនឲ្យបានច្រើនបន្ថែមទៀត៕