(ភ្នំពេ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២២ បានទទួលជួប និងសម្តែងការគួរសមរបស់លោក Stefan Messerer ក្នុងពេលដែលលោកត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជា ។
ក្នុងឱកាសនោះ លោក Stefan Messerer បានកត់សម្គាល់ឃើញថា ទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ កំពុងមានភាពរឹងមាំ និងស៊ីជម្រៅ ហើយអាល្លឺម៉ង់នឹងបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរបស់កម្ពុជា ពិសេស បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបានលទ្ធផលល្អប្រសើរក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបើកដំណើរការសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស ។
លោកបន្ថែមថា រដ្ឋាភិបាល អាល្លឺម៉ង់ នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អគុណភាពនៃសេវាសុខាភិបាល សមធម៌ ដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ, ការផ្តល់មូលនិធិសមធម៌សុខភាព ការកែលម្អគុណភាពនៃកន្លែងថែទាំសុខភាពសាធារណៈ សមភាព យេនឌ័រ និងបរិយាប័នសង្គម ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រជាជនអាល្លឺម៉ង់ ក្នុងការគាំទ្រ និងចូលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងរយៈកាលកន្លងមក ។
ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏មានសារៈសំខាន់មួយ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា រួមទាំង ជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលបានឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់កម្ពុជា ។ ជាក់ស្តែងថ្មីៗ នេះ អាល្លឺម៉ង់ តាមរយៈធនាគារអភិវឌ្ឍន៍ KfW បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១៦ លានអឺរ៉ូ ជាសហហិរញ្ញប្បទានជាមួយ WB, KOICA និង DFAT តាមរយៈ Multidonor Trust Fund (MTDF) សម្រាប់អនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី ៣ ។ គម្រោងនេះ បានឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអាទិភាពក្នុងវិស័យសុខាភិបាល ពោលគឺ លើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមធម៌ នៃសុខភាពប្រជាជន តាមរយៈការបន្តចូលរូមជំរុញការអនុវត្ត៖ ១. ផែនការយុទ្ធសាស្ត្រសុខាភិបាល, ២. ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឆ្នាំ ២០២១-២០២៣ ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា នារយៈពេល ២ ឆ្នាំ ចុងក្រោយនេះ, វិវបត្តិនៃជំងឺកូវីដ-១៩ COVID-19 បានបង្កនូវផលអវិជ្ជមានជាច្រើនដល់សុខភាពសាធារណៈ និងសកម្មភាពសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលជាបទពិសោធន៍សំខាន់សម្រាប់បន្តការដ្ឋាន នៃការកែទម្រង់របស់កម្ពុជា ។ ចំពោះមុខ កម្ពុជា បានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្រ្ត កម្មវិធីការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣ ដែលមានគោលបំណងស្តារ និងពង្រឹងសក្តានុពលនៃចន្ទុលកំណើនសេដ្ឋកិច្ចឲ្យរស់រវើក និងត្រឡប់ទៅកំណើនប្រកបដោយចីរភាព និងបរិយាប័ន និងកសាងភាពធន់រឹងមាំនៃសង្គម-សេដ្ឋកិច្ច អនុលោមតាមអភិក្រមចំនួន ៣ គឺ៖ ១. ការស្ដារឡើងវិញ, ២. ការកែទម្រង់ និង ៣. ការកសាងភាពធន ។
ជាមួយគ្នា អគ្គបណ្ឌិតសភាចារ្យ បានអបអរសាទរចំពោះកិច្ចប្រជុំពិគ្រោះ យោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សម្រាប់ឆ្នាំ ២០២២ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃទី ១៩-២០ ខែ តុលា ឆ្នាំ ២០២២ ដែលសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា ។ ភាគីទាំងពីរ បានឯកភាពគ្នាលើបេក្ខភាពគម្រោង/កម្មវិធីចំនួន ៧ សម្រាប់ឆ្នាំ ២០២៣-២០២៤ ដែលអាចចូលរួមចំណែកក្នុងការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម គាំពារ និងសុខមាលភាពសង្គម សុខាភិបាល រួមទាំងការពង្រឹងវិស័យវាយនភណ្ឌនៅកម្ពុជា៕