(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ប្រាប់ លោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelensky) ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនថា ដោយសហការជាមួយប្រទេសជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជា ទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែនតាមពេលវេលាសមស្រប។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងជំនួបតាមទូរស័ព្ទលើកដំបូងជាមួយ ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ។
សេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងជំនួបនេះ សម្តេចតេជោនាយកដ្ឋមន្ត្រី បានលើកឡើងផងដែរថា ដោយសហការជាមួយប្រទេសជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជា ទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែនតាមពេលវេលាសមស្រប។
លោកប្រធានាធិបតី ហ្ស៊ែលឡិនស្គី បានថ្លែងអំណរគុណ និង ស្វាគមន៍ចំពោះកម្ពុជាដែលមានបំណងផ្តល់ជំនួយខាងដោះមីននេះ៕