(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា ខ្លួនទើបបានអនុម័តគម្រោងវិនិយោគថ្មីចំនួន៣ថែមទៀត សរុបទុនវិនិយោគជាង៣៦លានដុល្លារ បង្កើតការងារថ្មីរាប់រយកន្លែង។
Facebook ផ្លូវការរបស់ CDC បានបញ្ជាក់ឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ HE CHENG XING PACKAGING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិត នៅភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។
២៖ KANG HWA E & C (CAMBODIA) CO., LTD គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វ (គោ មាន់ ទា) និងរោងចក្រកែច្នៃ និងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង ៤.៥មេហ្គាវ៉ាត់ (សម្រាប់ប្រើប្រាស់ក្នុងកសិដ្ឋាន) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៣១.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤៤កន្លែង។
៣៖ CORIUM LEATHER (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកែច្នៃស្បែកសត្វគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៩១កន្លែង៕