(ភ្នំពេញ)៖ ករណីរថយន្ដ Prius មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AY-6241 បើកបររេចុះឡើងលើផ្លូវល្បឿនលឿនមិនឲ្យរថយន្ដផ្សេងទៀតវ៉ាទៅមុន កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នោះ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ឃាត់បានហើយ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ និងបានធ្វើការផាកពិន័យតាមច្បាប់ ព្រមទាំងធ្វើកិច្ចសន្យាអប់រំណែនាំ។
លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ានី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ដែលដឹកនាំកម្លាំងប្រចាំការលើផ្លូវល្បឿនលឿននេះ បានប្រាប់ ឲ្យដឹងថា ក្រោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាន កម្លាំងដែលប្រចាំការលើផ្លូវល្បឿនលឿនបានធ្វើការស្រាវជ្រាវ និងឃ្លាំមើលជាប្រចាំ រហូតឈានដល់ការឃាត់រថយន្ដមួយគ្រឿងនេះបាន នៅស្ថានីយ (K114) កំពង់សិលា។
លោកបានបញ្ជាក់ទៀតថា ក្រោយឃាត់ធ្វើការសួរនាំអ្នកបើកបរដែលជាជនជាតិចិន ដែលនៅថ្ងៃកើតហេតុ រួមដំណើរដោយស្ដ្រីជនជាតិខ្មែរម្នាក់នោះ បានទទួលស្គាល់ថា ខ្លួនពិតជាបានបើករថយន្ដរេចុះឡើង មិនឲ្យរថយន្ដខាងក្រោយវ៉ាទៅមុនប្រាកដមែន។ អ្នកបើកបររូបនេះ ក៏បានរៀបរាប់អំពីដំណើររឿងមួយចំនួន ដែលជាដើមចមនាំឲ្យមានហេតុការណ៍នេះកើតឡើងផងដែរ។
អ្នកបើកបរជនជាតិចិនរូបនេះ បានបញ្ជាក់ថា ដើមឡើងនៅថ្ងៃកើតហេតុ ទី២៧ ខែតុលា ឆ្នាំ២០២២ ខ្លួនបើករថយន្ដ Prius ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AY-6241 នៅលើផ្លូវល្បឿនលឿន ហើយបើកនៅគន្លងធម្មតា ប៉ុន្ដែក្រោយមកបានឡើងមកគន្លងវ៉ាជែងដើម្បីបន្ថែមល្បឿន ស្រាប់តែពេលនេះមានរថយន្ដ Prius មួយគ្រឿងទៀត មកពីក្រោយដោយចុចស៉ីផ្លេជាប់ ទើបខ្លួនគេចមកខាងគន្លងធម្មតាវិញ ដើម្បីឲ្យរថយន្ដនោះវ៉ាទៅមុន។
លុះពេលរថយន្ដនោះ (រថយន្ដម្ចាស់វីដេអូដែលត្រូវបានគេចែកចាយ) ឡើងវ៉ាផុត ស្រាប់តែជាន់ហ្វ្រាំងភ្លាម បណ្ដាលឲ្យខ្លួនវ៉ាក់អើង។ ទើបពេលនោះខ្លួនខំប្រឹងបើករថយន្ដយ៉ាងលឿនដើម្បីវ៉ាវិញ និងព្យាយាមនៅខាងមុខ ដើម្បីកុំឲ្យរថយន្ដនោះវ៉ាបានវិញ ដោយបារម្ភខ្លាចមានបញ្ហាកើតឡើងកាន់តែខ្លាំង។ លុះទៅលើបញ្ជរបង់ប្រាក់កំពង់សិលា ទើបខ្លួនគេចទៅបាត់ ហើយរថយន្ដមួយគ្រឿងទៀត ក៏បើកទៅបាត់ដូចគ្នា។
យ៉ាងណាមិញ សម្រាប់ករណីនេះលោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី បានអះអាងថា រថយន្ដដែលបើកបរដោយជនជាតិចិននេះ ត្រូវបានសមត្ថកិច្ចធ្វើការផាកពិន័យ ចំនួនពីរករណី ដោយក្នុងនោះ ទី១៖ បើកបររេចុះឡើង កៀរ និងទី២៖ ប្រើប្រាស់ប័ណ្ណបើកហួសសុពលភាព។ ក្រោយផាកពិន័យតាមច្បាប់ ម្ចាស់រថយន្ដក៏ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំ ណែនាំផងដែរ ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕