(ព្រៃវែង)៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២នេះ បន្ទាប់ពីចែកពូជស្រូវ និងស្បៀអាហារជូនប្រជាកសិករហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
ក្នុងជំនួបនេះលោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងសោមនស្សរីករាយជាទីបំផុត ចំពោះវត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ លោកអភិបាលខេត្ត បានលើកឡើងថា ការអញ្ជើញសំណេះសំណាលនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះសុខទុករបស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធក្នុងខេត្ត។
លោកអភិបាលខេត្ត ក៏បានជម្រាបសម្តេចតេជោ និងអង្គពិធីអំពីសភាពការណ៍រួមរបស់ខេត្តព្រៃវែង រួមមានការងារសន្តិសុខ សណ្តាប់សាធារណៈ របាយការណ៍ពាក់ព័ន្ធមន្ត្រីរាជការ និងការងារអភិវឌ្ឍនៅក្នុងខេត្ត។
ពាក់ព័ន្ធការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ លោក ជា សុមេធី បានគូសបញ្ជាក់ថា ខេត្តបានយកចិត្តទុកដាក់ រក្សា ការពារ និងពង្រឹងជាប្រចាំហើយជារួម ធានាបាននូវសន្តិសុខ និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ រដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្ត បាននឹងកំពុងចូលរួមសហការ ក្នុងការបង្កលក្ខណៈល្អប្រសើរ ដល់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលមានរយៈពេល៥០ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។
ពាក់ព័ន្ធការងារគ្រប់គ្រងមន្ត្រីរាជការស៊ីវិលវិញ លោកអភិបាលខេត្ត បានបញ្ជាក់ថា ខេត្តព្រៃវែងមានមន្ត្រីរាជការស៊ីវិលសរុបចំនួន ១១,១៣២នាក់ ស្រីចំនួន ៤,៥៣៣នាក់។ ខេត្តព្រៃវែង មានក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ចំនួន ២៧នាក់ (ស្រី ០៤នាក់), ក្រុមប្រឹក្សាក្រុង ស្រុក អាណត្តិទី៣ ចំនួន ២៤៩នាក់ (ស្រី ៣៤នាក់), ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ចំនួន ៨៩២នាក់(ស្រី១៥៩នាក់)។
លោក ជា សុមេធី បានគូសរំលេចផងដែរថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងក្រុមការងារចុះមូលដ្ឋានគ្រប់ថ្នាក់ សប្បុរសជន ភាគីពាក់ព័ន្ធ បានលះបង់កម្លាំងកាយ កម្លាំងបញ្ញា ពេលវេលា និងធនធានជាច្រើន ដើម្បីឧបត្ថម្ភគាំទ្រលើដំណើរការអភិវឌ្ឍន៍ខេត្តព្រៃវែង ឱ្យមានការរីកចម្រើនប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ដោយទទួលបាននូវសមិទ្ធផលនៅគ្រប់មូលដ្ឋានក្នុងខេត្ត ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោក ជា សុមេធី ក៏សម្តែងនូវកតញ្ញុតាធម៌ ដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្ដល់អគាររដ្ឋបាលសាលាខេត្ត ដ៏ស្រស់ស្អាត និងមានតម្លៃ ដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់ឱ្យមន្ត្រីរាជការបម្រើការងារផ្តល់សេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលាព្រមទាំងបានឧបត្ថម្ភគាំទ្រដល់គម្រោងជាច្រើនទៀត ដែលបានធ្វើឱ្យខេត្តព្រៃវែង ទទួលបាននូវការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យរហូតមកដល់ពេលបច្ចុប្បន្ន និងបន្តរីកចម្រើនថែមទៀត ក្រោមម្លប់សុខសន្តិភាព។
លោកអភិបាលខេត្តព្រៃវែង បានលើកឡើងផងដែរថា ប្រជាពលរដ្ឋខេត្តព្រៃវែង ចងចាំ និងដឹងគុណជានិច្ច រាល់ពេលមានទុក្ខលំបាក គឺមានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរយកចិត្តទុកដាក់គ្រប់កាលៈទេសៈ ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងបានណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិបន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះមុខរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងទាំងមូល លោក ជា សុមេធី ប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះជនក្បត់ជាតិបីជំនាន់ សម រង្ស៉ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតមកលើព្រះចេស្តា ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ។
លោក ជា សុមេធី ក៏បានប្រកាសប្រឆាំងដាច់ខាតចំពោះ សេចក្តីថ្លែងការណ៍របស់ទណ្ឌិត សម រង្ស៉ី ដែលបានធ្វើការញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធធ្វើការបះបោរ ផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានវិលមកជួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តកំពង់ឆ្នាំងជាថ្មីម្តងទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងខេត្តខេត្តកំពង់ឆ្នាំងទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ កន្លងទៅនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់នាពេលថ្មីៗនេះ ក៏ដូចជាការងារដែលអភិបាលខេត្តរៀបរាប់ខាងលើ។ ជាពិសេសការប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។
បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកមន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ/សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា ដែលនាំឱ្យថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរំលឹកដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ ឱ្យបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការឱ្យបានច្រើន ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ គឺត្រូវឈរនៅកណ្ដាលជានិច្ច។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរពង្រឹងកិច្ច សហប្រតិបត្តិការតាមច្រកព្រំដែន និងតាមខេត្តរបស់វៀតណាម ជាប់ព្រំដែនរបស់កម្ពុជា ដើម្បីលើកកម្ពស់ធ្វើពាណិជ្ជកម្មរវាងខេត្តនៃប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានរួមសហការគ្នា អភិវឌ្ឍខេត្តមួយនេះឱ្យមានការរីកចម្រើន៕