(វៀតណាម)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងការពារប្រទេសវៀតណាម ដើម្បីត្រៀមរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន៤៩រូប ពីប្រទេសវៀណាម មកកាន់តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម x១៦ នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ក្នុងនាមប្រតិភូក្រុមការងារបច្ចេកទេសនៃគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយមវៀតណាម លោកថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ ការរៀបចំបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់កក់ក្តៅពីភាគីមិត្តវៀតណាម។
ថ្លែងទៅកាន់ភាគីវៀតណាម នាយឧត្តមសេនីយ៍ សៅ សុខា បានបន្ថែមថា ការចូលជួបពិភាក្សានេះក្នុងគោលបំណងសំណូមពរឱ្យភាគីវៀតណាមជួយ ដោយកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងឱកាសប្រារព្ធពិធីខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពួជសាសន៍ ប៉ុល ពត សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងទៅកាន់អង្គពិធី ស្តីពីការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រឡប់មកកម្ពុជាវិញ។
លោកថ្លែងថា អនុវត្តប្រសាសន៍ដឹកនាំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលត្រូវបានបង្កើតឡើងដោយប្រមុខរាជរដ្ឋាភិបាល ជាមួយគ្នានោះគណៈកម្មការអន្តរក្រសួង ក៏បានសម្រេចបង្កើតក្រុមការងារបច្ចេកទេស ដើម្បីចាត់ចែងអនុវត្តន៍ដោយផ្ទាល់នូវភារកិច្ចរបស់គណៈកម្មការអន្តរក្រសួង។
កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក៏បានផ្ញើលិខិតស្នើសុំកិច្ចសហប្រតិបត្តិការ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចាត់ចែងរៀបចំធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាទាំង៤៩សព ពីបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ដែលស្ថិតនៅភូមិសូសរាំ ឃុំឡុងយ៉ាវ ស្រុកកាំមី ខេត្តដុងណាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រឡប់ទៅព្រះរាជាណាចក្រកម្ពុជាវិញ។
នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងកងទ័ពប្រជាជនវៀតណាម ដែលបានយកចិត្តទុកដាក់ផ្តល់ដីបញ្ចុះសព និងសាងសង់បូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ព្រមទាំងថែទាំដ៏ល្អ ក្នុងពេលដែលកម្ពុជាពុំទាន់មានលទ្ធភាពធ្វើមាតុភូមិនិវត្តន៍បងប្អូនទាំងនោះ។ ពេលនេះជាពេលវេលាសមស្របដែលកម្ពុជាមានសន្តិភាពពេញលេញ ហើយបាននិងកំពុងយកចិត្តទុកដាក់ការងារស្រាវជ្រាវប្រវត្តិសាស្ត្រយោធា ក្នុងនោះការងារកសាងតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច១៦ បាននិងកំពុងដំណើរការរហូតដល់បច្ចុប្បន្ន។
នាយឧត្តមសេនីយ៍ បានបន្ថែមថា ការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុនេះ គឺបានឆ្លុះបញ្ចាំងពីការជួយឧបត្ថម្ភរបស់មិត្តវៀតណាម ក្នុងការជួយកសាងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ដើម្បីឆ្ពោះទៅការផ្តូលរំលំរបបប្រល័យពួជសាសន៍ ប៉ុល ពត និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះយុទ្ធជនពលីកម្ពុជា ជាភស្តុតាងគូសបញ្ជាក់ ពីមិត្តភាពរវាងកម្ពុជា វៀតណាមតែងជួយគ្នាទៅវិញទៅមក ពិសេសការជួយសង្រ្គោះអាយុជីវិតប្រជាជន និងមាតុភូមិកម្ពុជា ពីរបបប្រល័យពួជសាសន៍។ ម៉្យាងទៀតដើម្បីឱ្យប្រជាជនកម្ពុជា ពិសេសយុវជនយល់ដឹងបានត្រឹមត្រូវអំពីមិត្តភាពដែលជាសច្ចៈធម៌ប្រវត្តិសាស្ត្រ នៃទំនាក់ទំនងកម្ពុជាជាមួយនឹងវៀតណាម ទប់ស្កាត់នូវឧបាយកលបំផ្លើស ញុះញង់ពីមជ្ឈដ្ឋានអគតិ ប្រតិកិរិយាដែលតែងតែឃោសនាបំបែកបំបាក់មិត្តភាពកម្ពុជា វៀតណាម។
នាយឧត្តមសេនីយ៍ សៅ សុខា បានបន្ថែមថា ក្នុងស្មារតីខាងលើថ្ងៃនេះក្នុងនាមប្រធានក្រុមការងារបច្ចេកទេស ក៏បានដឹកនាំប្រតិភូដើម្បីធ្វើការពិភាក្សាជាក់ស្តែងនូវគម្រោងផែនការ ដើម្បីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីកម្ពុជា សហការជាមួយភាគីមិត្តវៀតណាម ដែលមានក្រុមការងារ និងខ្លឹមសារដើម្បីអនុវត្តជាក់ស្តែងដូចខាងក្រោម៖
១៖ អំពីក្រុមការងារ បានបែងចែកជា៧ផ្នែក ទទួលខុសត្រូវជំនាញនីមួយគឺ៖ ផ្នែកទំនាក់ទំនង, ផ្នែកពិធីការប្រពៃណី សាសនា, ផ្នែកពិធីការរដ្ឋនិងកងទ័ព, ផ្នែកវិស្វកម្ម, ផ្នែកព័ត៌មាន ផ្សព្វផ្សាយ និងឯកសារ, ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់, និងផ្នែកធានា ផ្គត់ផ្គង់ ភស្តុភារ និងហិរញ្ញវត្ថុ។
២៖ អំពីកាលបរិច្ឆេទ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នឹងប្រារព្ធពិធីបើកផ្នូររៀបចំសម្អាតវេចខ្ចប់ លុះដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នឹងរៀបចំពិធីដង្ហែ និងពិធីផ្ទេរប្រគល់ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច១៦។
៣៖ អំពីការងារបច្ចេកទេស៖ រៀបចំតាមទំនៀមទម្លាប់ប្រពៃណី សាសន៍កម្ពុជា និងរៀបចំតាមពិធីការរដ្ឋនិងកងទ័ព។
៤៖ អំពីសមាសភាពក្នុងពិធីបើកផ្នូរ និងពិធីផ្ទេរ ប្រគល់៖ គណៈអធិបតី, ភ្ញៀវកិត្តិយស, កងកម្លាំងប្រដាប់អាវុធ, មហាជន។
៥៖ អំពីក្បួនដង្ហែ៖ ការរៀបចំក្បួន និងចំនួនរថយន្តសម្រាប់ប្រើប្រាស់ក្នុងពិធីដង្ហែនេះ នឹងជូនដំណឹងតាមផ្លូវការ។
៦៖ សំណូមពរសូមភាគីមិត្តវៀមណាមជួយ៖ កម្លាំងជីកបើកផ្នូរ និងលុបសម្អាត, ស្នើសុំសាងសង់ផ្ទាំងសិលាចារិកអនុស្សាវរីយ៍យុទ្ធជនពលីកម្ពុជា៤៩រូប, សម្ភារ ឧបករណ៍សម្រាប់ជីកបើកផ្នូរ, រៀបចំវេទិកាប្រារព្ធពិធី ចំណែកឯការតុបតែង សុំឱ្យភាគីកម្ពុជាចូលរួមសហការស្របតាមប្រពៃណី ទំនៀមទម្លាប់ សាសនា និងពិធីកងទ័ពកម្ពុជា, សុំយករថយន្តសម្រាប់ដឹកជញ្ជូន និងកម្លាំងអនុវត្តផ្ទាល់ចំនួន ១៥នាក់ ចូលក្នុងប្រទេសវៀតណាម, សុំរថយន្តនាំក្បួន និងការពារសន្តិសុខក្នុងអធិបតេយ្យវៀតណាម, អញ្ជើញគណៈអធិបតី ភ្ញៀវកិត្តិយស មហាជន ចូលរួមក្នុងពិធីបើកផ្នូរ ការដង្ហែ និងការផ្ទេរ ប្រគល់, ចន្លោះពីការប្រជុំនាថ្ងៃនេះ រហូតដល់ថ្ងៃប្រារព្ធពិធី សុំរក្សាការទំនាក់ទំនងជូនដំណឹង និងសុំកិច្ចសហការនៅពេលអនុវត្តជាក់ស្តែង៕