(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាមការប្រកាសរបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ ត្រូវបានវាយតម្លៃថា នឹងបន្តនិន្នាការកើនឡើងធៀបនឹងកំណើននៅឆ្នាំ២០២១ ដោយសម្រេចកំណើនក្នុងអត្រាប្រមាណ៥,៤% ទោះបីជារងផលប៉ះពាល់ពីវិបត្តសង្រ្គាមរុស្សី និងអ៊ុយក្រែនយ៉ាងណាក្តី ដោយសារតែតម្រូវការខាងក្រៅ និងស្របពេលសេដ្ឋកិច្ចក្នុងស្រុក បានវិលត្រឡប់មកប្រក្រតីភាពវិញ ដោយឡែកសម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦%។
ជារួម កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣នេះ នឹងត្រូវគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗក្នុងនោះរួមមាន៖
* វិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងអត្រា ៩,២% ក្នុងឆ្នាំ២០២៣ ប្រហាក់ប្រហែល ទៅនឹងកំណើនឆ្នាំ២០២២ ក្នុងត្រា ៩,០% ដោយសារការរំពឹងទុកការបន្តកំណើនរឹងមាំ នៃអនុវិស័យ កាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈដែលអនុវិស័យសំណង់ត្រូវបានព្យាករថានៅបន្តងើបឡើង
វិញក្នុងអត្រាកំណើនទាបជាងនិន្នាការធម្មតា(មុនវិបត្តិកូវីដ-១៩)។
* វិស័យសេវាកកម្ម ត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងអត្រា ៦,៦% ក្នុងឆ្នាំ២០២៣ ពីកំណើន ៤,៣% ក្នុងឆ្នាំ២០២២ ដោយសារការបន្តងើបឡើងនូវសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងៗទៀត។
* វិស័យកសិកម្ម ត្រូវបានរំពឹងថានៅបន្តនិន្នាការកើនឡើង ក្នុងអត្រា ១,១% ក្នុងឆ្នាំ២០២៣ ធៀបនឹង០,៧% ក្នុងឆ្នាំ២០២២ ដោយសារការរំពឹងទុកលើការបន្តរក្សាកំណើនល្អប្រសើរនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ ស្របពេលដែលអនុវិស័យនេសាទ ត្រូវបានរំពឹងថានឹងងើបឡើងវិញ។
ទោះបីជាសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ត្រូវបានរំពឹងនឹងបន្តងើបឡើងវិញ ក្នុងអត្រាកំណើន ៥,៤% និង ៦,៦% យ៉ាងណាក្តី, កម្ពុជាក៏នៅត្រូវបានហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់ ជាពិសេសបញ្ហាប្រឈម និង/ឬហានិភ័យ ដែលបង្កឡើងដោយភាពមិនអំណោយផលនៃកត្តាខាងក្រៅមួយចំនួន ដែលអាចធ្វើឱ្យកំណើនខាងលើនេះ មិនសម្រេចបានតាមការគ្រោងទុក ក៏ដូចជាបន្ទច់បង្អាក់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជារួមក្នុងរយៈពេលមធ្យមខាងមុខដែលក្នុងនោះរួមមាន៖ ការបន្តកើនឡើងនូវសម្ពាធអតិផរណា, ការរឹតបន្តឹងកាន់តែលឿន និងខ្លាំងជាងមុននូវគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍ ជាពិសេស ការដំឡើងអត្រាការប្រាក់នៃធនាគារកណ្ដាលសហរដ្ឋអាមេរិក, ការថមថយកំណើនសេដ្ឋកិច្ចចិន, ភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ជាពិសេសការអូសបន្លាយសង្រ្គាមនៅអ៊ុយក្រែន និងបញ្ហាកោះតៃវ៉ាន់, ការបែងចែកប្លុកសេដ្ឋកិច្ច និងប្លុកពាណិជ្ជកម្មរបស់សកលលោក នៅក្នុងសង្រ្គាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា រួមទាំងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិផងដែរ។
ថវិកាឆ្នាំ២០២៣ ត្រូវបានរៀបចំតម្រង់ទៅអនុវត្តបញ្ចប់សកម្មភាពអាទិភាព នៅសេសសល់របស់ក្រសួង-ស្ថាប័ន ក៏ដូចជារបស់រាជរដ្ឋាភិបាល ជាពិសេសកិច្ចការកែទម្រង់លើគ្រប់វិស័យសំដៅកសាងមូលដ្ឋានគ្រឹះបន្ថែម សម្រាប់ដំណើរឈានឆ្ពោះទៅសម្រេចបាននូវបំណងប្រាថ្នារយៈពេលវែងរបស់ប្រជាជនកម្ពុជាដែលចង់ឱ្យកម្ពុជាក្លាយជាប្រទេសមានមោទកភាពជាតិ មានអនាគតដ៏រុងរឿង ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ថវិកាឆ្នាំ២០២៣ អាចត្រូវបានសន្និដ្ឋានថា ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យ ទាំងក្នុង និងក្រៅប្រទេស សំដៅបន្តការពារអាយុជីវិត លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងស្ដារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចកម្ពុជា ទន្ទឹមនឹងការរៀនរស់នៅជាមួយកូវីដ-១៩ តាមកន្លងប្រក្រតីភាពថ្មី ហើយអាចប្រសិទ្ធនាមថា «ថវិកាវិត្ថារកម្មចំគោលដៅ» ដោយផ្តល់អាទិភាពទី១ ដល់ «មនុស្ស» ជាពិសេសលើសុខភាព ជីវភាព និងសមធម៌ ព្រមជាមួយនឹងអាទិភាពនៃការបន្តជំរុញការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចស្របតាម «ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣»៕