(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំប្រចំាឆ្នាំលើកទី៣០ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកដែលសភាប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ នៅរាត្រីថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ នៅរដ្ឋសភាថៃ នាទីក្រុងបាងកក ក្រោមអធិបតីភាព លោក ឈួន លីកផៃ (Chuan Leekpai) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ និងជាប្រធាន APPF លើកទី៣០។
វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានប្រារព្ធធ្វើឡើងក្រោមមូលបទ «សភា និងការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩ ដើម្បីលើកកំពស់លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ» ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។
នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំជាផ្លូវការ លោក ឈួន លីកផៃ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគ្រួសារ APPF និងបណ្តាប្រទេសជាមិត្ត រួមទំាងអង្គការជាដៃគូ អ្នកអង្កេតការណ៍ទំាងអស់ ដែលបានមកជួបជុំគ្នានាឱកាសនេះ ក្រោយពីជំងឺកូវីដ-១៩ បានធូរស្រាល។
លោកបានលើកឡើងថា ការជួបជុំនេះមានសារៈណាស់នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីនិយម ដែលជាសំឡេងរបស់តំណាងពលរដ្ឋក្នុងការប្រយុទ្ធប្រឆំាង រាល់បញ្ហាតំបន់ និងពិភពលោកកំពុងជួបប្រទះ ដូចជាការស្តារឡើងវិញនូវសង្គម និងសេដ្ឋកិច្ចក្រោយពីការរាតត្បាតជាសកលពីជំងឺកូវីដ-១៩ និងអំពើបញ្ហាប្រឈមផ្សេងៗ ដែលបានកំពុងកើតមានជាបន្តបន្ទាប់ក្នុងតំបន់ និងពិភពលោកយើងនេះ។
ប្រធាន APPF លើកទី៣០ បានលើកឡើងថា នៅក្នុងរយៈពេល៣០ឆ្នាំមកនេះ APPF បានដើរតូនាទីយ៉ាងសំខាន់នៅក្នុងការជំរុញនូវវប្បធម៌សន្ទនា និងកិច្ចសហប្រតិបត្តិការដែលជាកត្តាសំខាន់ក្នុងការកសាងនិងអភិវឌ្ឍប្រកបដោយចីរភាព និងជាការចូលរួមដើម្បីធ្វើឱ្យគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០សម្រេចតាមផែនការ។
សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ក្នុងតំបន់ ជាពិសេស ការថែរក្សា និងលើកកម្ពស់សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងសកលលោក។ មកដល់ពេលនេះវេទិកាសភាមួយនេះ មានសមាជិកចំនួន២៨ប្រទេស។ សភាកម្ពុជាបានចូលជាសមាជិក APPF នៅឆ្នាំ១៩៩៥ និងធ្លាប់បានធ្វើជាម្ចាស់កិច្ចប្រជុំ APPF លើកទី២៧ នៅខេត្តសៀមរាប កាលពីឆ្នាំ២០១៩។
ក្នុងការដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំ APPF លើកទី៣០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំគណៈកម្មការនយោបាយ និងសន្តិសុខ នាព្រឹកថ្ងៃទី២៧ ខែតុលា នេះផងដែរ៕