ភ្នំពេញ៖ មន្ត្រីចរាចរណ៍នៅគោលដៅស្តុបទន្លេបាសាក់ លើមហាវិថីម៉ៅសេទុង ដែលប្រព្រឹត្តកំហុស ឆ្គងពេលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានដកឋានន្តរសក្តិមួយកម្រិត និងដកបញ្ឈរជើងរយៈពេល ៣ខែ នៅការិយាល័យបុគ្គលិក។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ត្រីនៅគោលដៅស្តុបទន្លេបាសាក់ លើមហាវិថីម៉ៅសេទុង ដែលប្រព្រឹត្តកំហុសឆ្គងពេលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលបានហៅឃាត់រថយន្តមកធ្វើការផាកពិន័យ ដោយអ្នកបើកបរមិនមានកំហុស គឺត្រូវបានដាក់វិន័យហើយ បន្ទាប់ពីបានឃើញវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គមភ្លាម លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យស្នងការរងទទួលផែនធនធានមនុស្ស ការិយាល័យបុគ្គលិក ផ្នែកវិន័យ ធ្វើការកោះហៅមន្ត្រីគោលដៅទាំង៤រូប មកសាកសួរនៅការិយាល័យ។
ក្រោយធ្វើការសួរនាំរួចមន្ត្រីទាំង៤រូប បានសារភាពកំហុស និងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្តដែលបានហៅអ្នកបើកបរធ្វើការផាកពិន័យ មិនចេញវិក្កយបត្រ ស្របពេលដែលអ្នកបើកបរមិនមានកំហុសទាល់តែសោះ ។
លោកវរសេនីយ៍ឯក សាន សុខសីហា បន្ថែមថា ដោយទទួលបានបទបញ្ជា និងការឯកភាពពីស្នងការ ផ្នែកវិន័យ នៃការិយាល័យបុគ្គលិក បានសម្រេចដកមន្ត្រីទាំង៤រូបនេះមកបញ្ឈរជើងរយៈពេល៣ខែ ដោយបង្ហាញមុខជាប្រចាំរាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិក ដោយធ្វើកិច្ចសន្យា ជាពិសេសមន្ត្រីដែលប្រព្រឹត្តកំហុសត្រូវបានដកឋានន្តរសក្តិមួយកម្រិត ដើម្បីជាការព្រមានចំពោះការប្រព្រឹត្តកំហុសនេះ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៩ និង១៥នាទីព្រឹក នៅចំណុចគោលដៅស្តុបទន្លេបាសាក់ តាមបណ្តោយមហាវិថីម៉ៅសេទុង មានករណីផាកពិន័យពុំត្រឹមត្រូវ និងមិនចេញវិក្កយបត្រ ប្រព្រឹត្តដោយក្រុមមន្ត្រីនៅគោលដៅនោះ ទៅលើរថយន្តមួយគ្រឿងម៉ាក ISUZU ពណ៌ទឹកប្រាក់ ខណៈពេលអ្នកបើកបរពុំបានប្រព្រឹត្តល្មើសភ្លើងសញ្ញាចរាចរណ៍ឡើយ គឺភ្លើងនៅពណ៌បៃតង ដោយមានភស្តុតាងជាវីដេអូកាមេរ៉ាភ្ជាប់នៅក្នុងរថយន្ត ពេលកំពុងបើកបរឆ្លងស្តុប ។
លុះដល់ព្រឹកថ្ងទី២២ ខែតុលា ឆ្នាំ២០២២ ក៏មានបែកនូវសារជាសំឡេងទទួលកំហុស ដែលលោកអនុសេនីយ៍ទោ ព្រំ ចាន់ដារ៉ា បានយកគណនីហ្វេសប៊ុករបស់លោកអនុសេនីយ៍ឯក ថាច ប៊ុនធឿន ផ្ញើសារទៅកាន់ម្ចាស់រថយន្ត ដើម្បីផ្ទេរប្រាក់ជូនវិញ និងស្នើសុំលុបវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គម ប៉ុន្តែត្រូវបានម្ចាស់រថយន្ត បដិសេធ៕