ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា បំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។
ដំណើរទស្សនកិច្ចនេះ រៀបចំឡើងដើម្បីពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ និងរវាងព្រឹទ្ធសភាកម្ពុជា ជាមួយនិងរដ្ឋសភាវៀតណាម ព្រមទាំងចូលរួមអបអរសាទរក្នុងឱកាសខួប អនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាមផងដែរ។
ក្នុងអំឡុងពេលក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចប្រធានព្រឹទ្ធសភា នឹងអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម រួមមាន៖ ឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម ង្វៀន ស៊ួនហ៊្វុក ប្រធានរដ្ឋវៀតណាម ឯកឧត្តម វឿង ឌីញហ្វេ ប្រធានរដ្ឋសភាវៀតណាម និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម ព្រមទាំងឥស្សរជនជាន់ខ្ពស់វៀតណាមមួយចំនួនទៀត៕