ភ្នំពេញ៖ ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងលេខាទី១ អមស្ថានទូតបារាំង ប្រចាំនៅកម្ពុជា នៅថ្ងៃទី២១ ខែតុលា អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នបន្ថែមជំនាញអាវុធហត្ថកម្ពុជា ត្រៀមប្តូរវេនទៅកាន់បេសកកម្មនៅស៊ូដង់ខាងត្បូង។
ក្នុងពិធីនេះឯកឧត្តម អ៊ុច បូរិទ្ធ បានស្នើរដ្ឋាភិបាលបារំាងបង្កើនផ្តល់ជំនួយហ្វឹកហ្វឺនទ័ពមួកខៀវកម្ពុជាលើជំនាញផ្សេងៗទៀត ដើម្បីត្រៀមចូលរួមប្រតិបត្តិការរក្សាសន្តិភាពUN។
ឯកឧត្តម អ៊ុច បូរិទ្ធ ក្នុងនាមរដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបតិ្តការអន្តរជាតិ បានថ្លែងថា ក្នុងរយៈជាង៣ឆ្នាំមកហើយ ដែលបារាំងបានអាក់ខានផ្តល់ជំនួយហ្វឹកហ្វឺនជំនាញអាវុធហត្ថ និងជំនាញនានាជូនកងទ័ពមួកខៀវកម្ពុជា ដោយសារការរាតត្បាតនៃមេរោគកូវីដ១៩ ហើយនៅក្នុងឱកាសនៃចាប់ផ្តើមនៃការផ្តល់ជំនួយហ្វឹកហ្វឺនជំនាញអាវុធហត្ថឡើងវិញនេះ ឯកឧត្តម ក៏បានស្នើឲ្យរដ្ឋាភិបាលបារាំងបង្កើនការផ្តល់ហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពកម្ពុជា និងស្នើផ្លាស់ប្តូរដំណើរទស្សនកិច្ចដកស្រង់បទពិសោធន៍ការងារថែរក្សាសន្តិភាពរវាងកងទ័ពមួកខៀវបារំាង និងកងទ័ពមួកខៀវកម្ពុជា។
ឯកឧត្តម ហ្វាប្រីស អេជែន (Fabrice Etienne) លេខាទី១ អមស្ថានទូតបារាំង ប្រចាំនៅកម្ពុជា ថា បច្ចុប្បន្នបារាំងមានមោទនភាពដែលបានឃើញទ័ពមួកខៀវកម្ពុជាច្រើនលើសលប់ បាននិងកំពុងឈប់ជើងបំពេញបេសកកម្មរក្សាសន្តិភាពUN នៅតាមបណ្តាប្រទេសកំពុងមានជម្លោះសង្គ្រានានា។
ឯកឧត្តម ហ្វាប្រីស អេជែន បន្តថា រដ្ឋាភិបាលបារាំង នឹងបន្តផ្តល់ជំនួយមកកម្ពុជា ពិសេសក្នុងវិស័យប្រតិបត្តិការថែរក្សាសន្តិភាព និងប្តេជ្ញាបន្តផ្តល់ជំនួយហិរញ្ញប្បទាន សំភារៈ ប្រតិបត្តិការវគ្គហ្វឹកហ្វឺកជំនាញអាវុធហត្ថ និងជំនាញនានាទៀត។
ទន្ទឹមនឹងនេះ ឯកឧត្តម ហ្វាប្រីស អេជែន នឹងផ្តល់ជំនួយតាមចង់បានរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជា ដើម្បីឲ្យមជ្ឈមណ្ឌលជាតិឧត្តមភាពក្នុងវិស័យប្រតិបត្តិការរក្សាសន្តិភាពរបស់UN។
សូមបញ្ជាក់ថា តាមរយៈការបញ្ជូនគ្រូយោធាចារ្យមកពីប្រទេសបារំាងមកហ្វឹកហ្វឺនជំនាញអាវុធហត្ថនៅកម្ពុជាពេលនេះ គឺជាវគ្គហ្វឹកហ្វឺនទី៨០ ដែលមានសិក្ខាកាមសរុបសិក្ខាកាម ១៧៩៨នាក់ លើជំនាញបោសសំអាតមីន កម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (EOD) ប្រឆាំងបន្សាបគ្រឿងផ្ទុះកែច្នៃ (IED) វគ្គនាយទាហានសេនាធិការ សង្កេតការណ៍យោធា វគ្គសង្គ្រោះបឋម អាវុធហត្ថ ដឹកជញ្ជូនគ្រឿងផ្ទុះ បំប៉នផ្នែកភាសាបារំាងជាដើម៕