(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់គ្នា ដែលមានអាយុគ្រប់១៨ឆ្នាំ ទៅចូលរួមចុះឈ្មោះបោះឆ្នោត និងអ្នកដែលធ្លាប់ចុះឈ្មោះហើយ ត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅតាមឃុំសង្កាត់របស់ខ្លួន ដើម្បីប្រាកដថាមានឈ្មោះបោះឆ្នោត ឬមានភាពមិនប្រក្រតីណាមួយ ដែលអាចធ្វើការកែរសម្រួលបានទាន់ពេលវេលា។
លោក ប្រាជ្ញ ចន្ទ បានថ្លែងអំពាវនាវដូចនេះ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ នៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាថ្ងៃដាក់ឱ្យដំណើរការការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលអនុវត្តចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។
លោក ប្រាជ្ញ ចន្ទ បានលើកឡើងដូចនេះថា «ទាក់ទងនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះ ឆ្នាំនេះយើងរៀបចំបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២៣ រយៈពេល ៥០ថ្ងៃ ដូចនេះសូមអំពាវនាវឱ្យប្រជាពលរដ្ឋបងប្អូនខ្មែរទាំងអស់ ដែលគ្រប់អាយុ ១៨ឆ្នាំឡើង ដែលមានសិទ្ធបោះឆ្នោត ប៉ុន្តែដើម្បីបោះឆ្នោតបានទាល់តែមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត អញ្ចឹងទាល់តែទៅចុះឈ្មោះបោះឆ្នោត ហើយអ្នកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតហើយ ក៏ត្រូវតែទៅពិនិត្យឡើងវិញផ្ទៀងផ្ទាត់ក្រែងមានបញ្ហាទាក់ទងនឹងរឿងប្រែប្រួលដូចជា មានបញ្ហាបានអត្តសញ្ញាណបណ្ណថ្មីមកមានបញ្ហាអី យើងត្រូវធ្វើការកែរប្រែឱ្យបានត្រឹមត្រូវ»។
លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ទៀតថា មកដល់ពេលនេះក៏មានប្រជាពលរដ្ឋខ្មែរមួយចំនួន ក៏មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មិនមានសុពលភាព ដោយសារតែកត្តាមួយចំនួន ដូចនេះដើម្បីបានបោះឆ្នោត គឺត្រូវតែទៅធ្វើការទាក់ទងជាមួយនឹងឃុំ សង្កាត់ ដើម្បីធ្វើឯកសារបញ្ជាក់អត្តសញ្ញាណដើម្បីបានចុះឈ្មោះបោះឆ្នោត។
បើតាមលោក ប្រាជ្ញ ចន្ទ ថ្ងៃនេះគ្រប់ឃុំសង្កាត់ទាំងអស់ទូទាំងប្រទេស ដំណើរការចុះឈ្មោះបោះឆ្នោត ដែលការចុះឈ្មោះ និងពិនិត្យបញ្ជីរឈ្មោះបោះឆ្នោតនេះមានរយៈពេល ៥០ថ្ងៃ ដែលក្នុងនោះ១៥ថ្ងៃធ្វើឡើងនៅសាលាឃុំ សង្កាត់, ២៥ថ្ងៃ ចុះតាមទីតាំងប្រជុំជននៅតាមភូមិដែលជិតកន្លែងរស់នៅរបស់ប្រជាពលរដ្ឋ ហើយចុងក្រោយ ១០ថ្ងៃ គឺវិលត្រឡប់មកវិញនៅសាលាឃុំ សង្កាត់ ដើម្បីបញ្ចប់ការចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីរឈ្មោះបោះឆ្នោតនេះ។
លោក ប្រាជ្ញ ចន្ទ បានបន្ថែមទៀតថា ដើម្បីប្តូរព័ត៌មានក៏ដូចជាការប្តូរទីទាំងបោះឆ្នោត ដោយសារមានការប្តូរទៅកន្លែងរស់នៅផ្សេង ប្រជាពលរដ្ឋអាចទៅជួយនឹងមន្ត្រីចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់នោះ ដោយយកទៅជាមួយនឹងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណ ហើយក៏ត្រូវភ្ជាប់ជាមួយនូវឯកសារ ដែលបានបញ្ជាក់ទីលំនៅបច្ចុប្បន្នផងដែរ ដើម្បីឱ្យមន្ត្រីបានរៀបចំត្រឹមត្រូវ។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរូបនេះ បានបញ្ជាក់ទៀតថា សម្រាប់អ្នកចុះឈ្មោះថ្មី ចាំបាច់ត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណ និងឯកសារបញ្ជាក់ទីលំនៅ ដើម្បីបង្ហាញដល់សាលាឃុំសង្កាត់ ដើម្បីឱ្យជំនាញបានរៀបចំឯកសារ និងថតរូបបញ្ជាក់ នឹងត្រូវទៅចុះឈ្មោះផ្ទាល់ខ្លួនទើបអាចធ្វើបាន៕