(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៩-២៥ ខែតុលា ឆ្នាំ២០២២។
ក្រសួងបានឲ្យដឹងថា នៅថ្ងៃទី១៩-២១ ខែតុលា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។ ចំណែកព្យុះទី២០ ឈ្មោះ នេសាទ ( NESAT) ដែលបានកើតឡើងនៅភាគខាងជើងហ្វីលីពីន និងថមថយឥទ្ធិពល នៅពេលធ្វើដំណើរដល់ប៉ែកខាងក្រោម នៃភាគខាងជើងវៀតណាម នៅថ្ងៃទី២១ខែតុលា។ ចាប់ពីថ្ងៃទី២២-២៥ ខែតុលា ឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ ពីចិនចុះខ្សោយ ខណៈដែលជ្រលងសម្ពាធទាបពីសមុទ្រ ចិនខាងត្បូងបង្កើនឥទ្ធិពល មកលើភាគខាងត្បូងកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
* ចាប់ពីថ្ងៃទី១៩-២១ ខែតុលា ស្ទើរតែគ្មានភ្លៀង បើមានតិចតួចតែប៉ុណ្ណោះ។ បន្ទាប់ពីនោះបណ្តារាជធានី-ខេត្ត នៅភាគខាងក្រោម និងខាងជើងជាប់ប្រទេសវៀតណាម នឹងមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំពោះបណ្តាខេត្តដទៃទៀត អាចមានភ្លៀងតិចតួច ។
២៖ តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ២០-២២°C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
* ចាប់ពីថ្ងៃទី១៩-២១ ខែតុលា ស្ទើរតែគ្មានភ្លៀង បើមានតិចតួចតែប៉ុណ្ណោះ។ បន្ទាប់ពីនោះនឹងអាចមានភ្លៀង ក្នុងកំរិតពីតិចទៅមធ្យមលាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
* អាចមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕