កណ្ដាល៖ ឧបទ្ទវហេតុលិចទូកចម្លងនៅកោះចំរើន ដែលបណ្ដាលឲ្យកុមារ១១នាក់ស្លាប់ ថៅកែទូក និងអ្នកបើកបរទូក-ដ ត្រូវបានតំណាងអយ្យការសម្រេចឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
គិតមកដល់ថ្ងៃចន្ទទី១៧ ខែតុលា ឆ្នាំ២០២២ សំណុំរឿងនៃឧបទ្ទវហេតុលិចទូកចម្លងនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បានឈានដល់ដំណាក់កាលស្ថាប័នតុលាការហើយ បន្ទាប់ពីនគរបាលខេត្តកណ្ដាលបានឃាត់ខ្លួនថៅកែទូក និងអ្នកបើកទូក សរុបមនុស្សចំនួន៣នាក់ យកទៅសាកសួរ។ប៉ុន្តែសំណុំរឿងនេះ ត្រូវបានតំណាងអយ្យការដាក់ឲ្យស្ថិតនៅក្រៅឃុំបណ្ដោះអាសន្នចំពោះថៅកែទូក និងអ្នកបើកទូក-ដ។
ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានប្រាប់ BTV នៅថ្ងៃទី១៧ តុលាថា ការបន្តនីតិវិធីនៅក្នុងសំណុំរឿងនេះ គឺឯកឧត្តមព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងខេត្តកណ្ដាល បានសម្រេចដាក់ឲ្យស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន ចំពោះថៅកែទូក-ដទាំងពីរនាក់ និងអ្នកបើកបរម្នាក់។
ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបន្ថែមថា ក្នុងករណីនេះ ក្រុមគ្រួសាររងគ្រោះនៃឧបទ្ទវហេតុលិចទូកចម្លងទាំងអស់ មិនបានដាក់ពាក្យបណ្ដឹងនោះទេ។
ឧបទ្ទវហេតុលិចទូកចម្លងនៅកោះចំរើន បានកើតឡើងកាលពីវេលាម៉ោង១៩យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ខណៈដែលទូកបានបើកដឹកចម្លងសិស្សចេញពីភូមិអំពិលទឹក ទៅភូមិកោះចំរើន ក្នុងឃុំកំពង់ភ្នំ ហើយទូកហៀបនឹងដល់ច្រាំងទៅហើយ សល់ប្រមាណចម្ងាយ៥០ម៉ែត្រទៀតប៉ុណ្ណោះ ទូកក៏លិច បណ្ដាលឲ្យកុមារ១១នាក់បានស្លាប់ និង៤នាក់បានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងនោះមានម្នាក់ជាអ្នកបើកទូកចម្លងផងដែរ។
ទោះយ៉ាងណា ការសម្រេចពីតំណាងអយ្យការនេះ គឺមិនទាន់បិទបញ្ចប់សំណុំរឿងទាំងស្រុងនោះទេ ព្រោះជាការសម្រេចឲ្យនៅក្រៅឃុំបណ្ដោះអាសន្នប៉ុណ្ណោះ ការបន្តនីតិវិធីបែបណាទៀតនោះ គឺស្ថាប័នតុលាការនឹងសម្រេចនាពេលក្រោយ៕