(ព្រៃវែង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ត្រីអនុវត្តច្បាប់ ត្រូវតែអនុវត្តឱ្យបានតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើយ៉ាងណាបង្ក្រាបឱ្យមានប្រសិទ្ធភាពនូវទីតាំងល្បែងស៉ីសងគ្រប់ប្រភេទ នៅតាមមូលដ្ឋានដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។
ការណែនាំបន្ថែមបែបនេះ របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពផ្ដល់រង្វាន់ដល់ទូកដែលទទួលបានជ័យលាភី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នៅខេត្តព្រៃវែង។
សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រៃវែង ក្នុងការរៀបចំពិធីប្រណាំងទូកងដែលប្រព្រឹត្តទៅដោយរលូនរយៈពេល២ ថ្ងៃនេះ។ ដែលទាំងនេះគឺជាការបង្ករលក្ខណៈសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែង នៅក្នុងឱកាសនៃការប្រណាំងទូក «ង» ថ្នាក់ខេត្តនាឱកាសនេះ។
សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថាទាំងនេះ គឺការចេញពីប្រទេសមានសុខសន្តិភាព មានស្ថេរភាពនយោបាយត្រឹមត្រូវក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបានធ្វើឱ្យប្រជាពលរដ្ឋមានឱកាសក្នុងការប្រារព្ធពិធីផ្សេងៗ មានឱកាសក្នុងការធ្វើដំណើរទៅទីរមណីយដ្ឋាននានាផ្សេងៗ ប្រកបមុខរបររកស៊ីដោយសុវត្ថិភាព និងភាពកក់ក្តៅ។
សម្តេមក្រឡាហោម បានបន្តថា «បន្ថែមពីលើកិច្ចការរក្សាស្ថានភាពស្ថិរភាពនយោបាយ សន្តិសុខ ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងពង្រឹងខឿនសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំថែមទៀតនោះ រាជរដ្ឋាភិបាលបាននឹងកំពុងតែដាក់ចេញនូវវិធានការបង្ក្រាបល្បែងស៊ីសង ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សំដៅធ្វើយ៉ាងណាទប់ស្កាត់ឱ្យខាងតែបាននូវទីតាំងល្បែងភ្នាល់គ្រប់ប្រភេទដែលជាដើមចមនាំឱ្យវិនាសហិនហោចទ្រព្យសម្បត្តិ អំពើចោរកម្ម អសន្តិសុខ រួមទាំងអំពើហិង្សាក្នុងគ្រួសារ»។
ថ្លែងនៅក្នុងឱកាសនោះលោក ជា សុមេធី អភិបាលខេត្ត បានលើកឡើងថា ពិធីប្រណាំងទូក «ង» នេះ ប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ គឺនៅថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០២២ មានទូកចូលរួមសរុបចំនួន ៤១ទូក (ទូកខ្នាតអន្តរជាតិចំនួន ៣០ទូក និងទូកខ្នាតវែង ចំនួន ១១ទូក) ក្នុងនោះទូកក្នុងខេត្តចំនួន ៣៩ទូក, ទូកមកពីខេត្តកណ្តាលចំនួន ០១ទូក និងមកពីរាជធានី ភ្នំពេញចំនួន ០១ទូក មានចំណុះទូកសរុបចំនួន ១,៧៩៣នាក់ (ចំណុះពិត ១,៤៤៨នាក់ និងចំណុះត្រៀម ៣៤៥នាក់)។ ជាក់ស្ដែង នៅថ្ងៃទី១ មានប្រជាពលរដ្ឋបានមកចូលរួមទស្សនា និងលេងកម្សាន្តនៃពិធី ប្រណាំងទូក «ង» ខេត្តព្រៃវែង និងស្តង់ពិពណ៌ផលិតផលក្នុងស្រុក ប្រមាណ ២៥,០០០នាក់ និងនៅព្រឹកថ្ងៃទី២ មានប្រជាពលរដ្ឋចូលរួមប្រហាក់ប្រហែលថ្ងៃនៅទី១ ដែលជាចំនួនដ៏ច្រើនមិនធ្លាប់មានក្នុងពិធីប្រណាំងទូក «ង» ថ្នាក់ខេត្តកន្លងៗមក នេះបង្ហាញអំពីការគាំទ្រ និងការជឿជាក់របស់ប្រជាពលរដ្ឋ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់ថ្នាក់ ។
សូមបញ្ជាក់ថា ជាលទ្ធផលនៃការប្រណាំងទូក «ង» ខេត្តព្រៃវែង ឆ្នាំ២០២២នេះ ទូកទទួលបានចំណាត់ រួមមាន៖
*ចំណាត់ថ្នាក់លេខ១៖ មានចំនួន ៨ទូក (ទូកខ្នាតអន្តរជាតិ ៥ទូក និងទូកខ្នាតវែង ៣ទូក)។
*ចំណាត់ថ្នាក់លេខ២៖ មានចំនួន ១៥ទូក (ទូកខ្នាតអន្តរជាតិ ១៣ទូក និងទូកខ្នាតវែង ២ទូក)
*ចំណាត់ថ្នាក់លេខ៣៖ មានចំនួន ១៣ទូក (ទូកខ្នាតអន្តរជាតិ ៨ទូក និងទូកខ្នាតវែង ៥ទូក)
*ចំណាត់ថ្នាក់លេខ៤៖ មានចំនួន ៥ (ទូកខ្នាតអន្តរជាតិ ៤ទូក និងទូកខ្នាតវែង ១ទូក) ដោយទូក ទទួលជ័យលាភី ទទួលបាន ទង់ជ័យលាភី១ ប័ណ្ណសរសើរ១ រួមជាមួយនឹងថវិកា ក្នុងនោះទូក ង ខ្នាតវែងជ័យលាភី លេខ១ ទទួលបានថវិកា ២,០០០,០០០រៀល លេខ២ ថវិកា ១,៨០០,០០០រៀល លេខ៣ ថវិកា ១,៦០០,០០០រៀល និងលេខ៤ ថវិកា ១,៤០០,០០០រៀល សម្រាប់ទូក «ង» ខ្នាតអន្តរជាតិ ជ័យលាភីលេខ១ទទួលបាន ថវិកា ១,៤០០,០០០រៀល លេខ២ ថវិកា ១,២០០,០០០រៀល លេខ៣ ថវិកា ១០០០,០០០រៀល និងលេខ៤ ថវិកា ៨០០,០០០រៀល៕